(បរទេស)៖ ក្រុមហ៊ុន Crowdstrike ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនយក្សមួយផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខការពារតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទាំងវិស័យធនាគារ, ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនទូគមនាគមន៍ និងសេវាកម្មសំខាន់ៗផ្សេងៗទៀត។ ដូចទស្សនិកជនបានជ្រាប់ហើយថា កាលពីសប្តាហ៍មុនក្រុមហ៊ុន CrowdStrike ដែលជាអ្នករ៉ាប់រងសន្តិសុខអ៊ីនធឺណិតរបស់ក្រុមហ៊ុន Microsoft បានបង្កកំហុសមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់ Microsoft ជាប់គាំងកម្មវិធីប៉ះពាល់ដល់វិស័យធំៗជាច្រើនទូទាំងពិភពលោក។ ដោយឡែកនៅពេលនេះ មានរបាយការណ៍មកថា អ្នកតំណាងមកពីគណបក្សសាធារណរដ្ឋអំពាវនាវឱ្យនាយកប្រតិបត្តិ CrowdStrike លោក George Kurtz ផ្តល់សក្ខីកម្មចំពោះបញ្ហានេះ ខណៈតម្លៃភាគហ៊ុនគឺធ្លាក់ចុះខ្ទង់១៣% ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

អ្នកតំណាងមកពី​គណបក្ស​សាធារណរដ្ឋ​នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ​តាមរយៈសេចក្តីថ្លែងការណ៍មួយ បាន​អំពាវនាវ​ដល់​ក្រុម CrowdStrike រួមទាំងនាយកប្រតិបត្តិលោក George Kurtz ផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភាអាមេរិក ស្តីពីសន្តិសុខក្នុងស្រុក ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុននេះបានធ្វើបច្ចុប្បន្នភាពកម្មវិធី (Update) ធ្វើឲ្យប៉ះពាល់ដល់ Windows ទ្រង់ទ្រាយធំនៅទូទាំងពិភពលោក។ អ្នកតំណាងឈ្មោះ Mark Green, R-Tenn ប្រធានគណៈកម្មាធិការសន្តិសុខក្នុងស្រុក, និង Rep. Andrew Garbarino, R-N.Y ដែលជាប្រធានអនុគណៈកម្មាធិការស្តីពីសន្តិសុខអ៊ីនធឺណិត និងការការពារហេដ្ឋារចនាសម្ព័ន្ធ បាននិយាយថា «បញ្ហានេះ ប្រៀបបានជាការព្រមានយ៉ាងធំមួយ អំពីហានិភ័យសន្តិសុខជាតិ ដែលពឹងផ្អែកភាគច្រើនលើបណ្តាញនេះ»

សមាជិកសភាបាននិយាយថា បញ្ហាបច្ចេកវិទ្យាដ៏ធំនេះ គឺបានបណ្តាលឱ្យមានការរំខាននៅទូទាំង «មុខងារសំខាន់ៗ» នៃសេដ្ឋកិច្ចពិភពលោក រួមទាំងវិស័យធនាគារ អាកាសចរណ៍ ការថែទាំសុខភាព សេវាសង្គ្រោះបន្ទាន់ និងប្រព័ន្ធផ្សព្វផ្សាយជាដើម ត្បិតជើងហោះហើររាប់ពាន់នៅក្នុងសហរដ្ឋអាមេរិកត្រូវបានពន្យារពេល និងលុបចោល ហើយប្រព័ន្ធសុខាភិបាលជាច្រើននៅទូទាំងប្រទេស ត្រូវកំណត់ការណាត់ជួបឡើងវិញ។ បញ្ហានេះ ក៏បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ CrowdStrike ធ្លាក់ចុះខ្ទង់១៣% ផងដែរ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ និងធ្វើឲ្យ CEO របស់ក្រុមហ៊ុន CrowdStrike មហាសេដ្ឋី George Kurtz របូតលុយអស់ ៣០០លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកនាំពាក្យ CrowdStrike បានប្រាប់ CNBC នៅក្នុងសេចក្តីថ្លែងការណ៍មួយថា CrowdStrike មានទំនាក់ទំនងយ៉ាងសកម្មជាមួយគណៈកម្មាធិការសភាពាក់ព័ន្ធ ហើយក្រុមហ៊ុននឹងធ្វើការសង្ខេបពីបញ្ហា ហើយពេលវេលានៃការចូលរួមផ្សេងទៀត អាចត្រូវបានកំណត់តាមការសំរេចចិត្តរបស់សមាជិក។ ងាកមក ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញរឿងនេះ៕