(ភ្នំពេញ)៖ ការគ្រប់គ្រងបាល់ច្រើនក្នុងការប្រកួតមួយ គឺជាគោលដៅរបស់ក្លិបនីមួយៗ តែមិនប្រាកដគ្រប់គ្រងបាល់ច្រើន ទទួលបានលទ្ធផលល្អនោះទេ។ នេះគឺជាការលើកឡើងរបស់លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែកក្កដានេះ មុនការប្រកួតជើងទី២ នៃវគ្គជម្រុះជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Champion-Shopee Cup ឆ្នាំ២០២៤/២៥ ជាមួយក្រុម Young Elephants FC របស់ឡាវនាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គ្រូបង្វឹកអេស្ប៉ាញខាងលើ បានគូសបញ្ជាក់ថា «សម្រាប់ពួកយើង គឺយើងចង់គ្រប់គ្រងបាល់ច្រើន តែក្រុមដែលគ្រប់គ្រងបាល់ច្រើន មិនប្រាកដថា ទទួលបានលទ្ធផលល្អទេ។ អ្វីដែលសំខាន់ គឺគោលបំណងនៃការបញ្ចប់ទីដូចគ្នា។ អ៊ីចឹងជាទូទៅ គឺយើងតែងតែចង់គ្រប់គ្រងបាល់នៅទឹកដីគេច្រើន ហើយដូចគ្នា គឺយើងត្រូវការបង្កើតឱកាសក្នុងការបញ្ចប់ទី។ ប៉ុន្ដែកន្លែងនេះ ខ្ញុំចង់ទុកឱកាសឲ្យកីឡាករជាអ្នកសម្រេចចិត្តច្រើនក្នុងការបញ្ចប់ទីដូចគ្នា។ បន្ថែមលើនេះ យើងក៏ត្រូវការការពារឲ្យបានល្អនៅតំបន់គ្រោះថ្នាក់របស់ពួកយើងដែរ»។

កាលពីជើងទី១ ស្វាយរៀងបានយកឈ្នះក្រុម Young Elephants FC នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយលទ្ធផល ៣-២។ អ្វីដែលគួរឲ្យកត់សម្គាល់ ការប្រកួតនេះក្រុមជើងឯកលីគកំពូលកម្ពុជា គ្រប់គ្រងបាល់រហូតដល់ ៧៣% នៃការប្រកួតទាំងមូល ជាមួយឱកាសស៊ុតចំនួន ២៣លើក និងចំគោលដៅ ៩លើក តែបញ្ចប់ទីបានសម្រេចត្រឹម ៣គ្រាប់ប៉ុណ្ណោះ។ ដូច្នេះលោក Pep Munoz រំពឹងការប្រកួតជើងទី២ លើទឹកដីកម្ពុជាស្អែកនេះ ក្រុមខ្លួននឹងបន្ដធ្វើបានល្អ ជាមួយការបង្កើតឱកាសបញ្ចប់ទីកាន់តែច្រើនថែមទៀត។

សម្រាប់ជំនួបកាត់សេចក្ដីនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញស្អែកនេះដែរ ព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គចែកពូល នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ ពោលប្រសិនព្រះខ័នរាជស្វាយរៀង បន្ដធ្វើបានល្អ ក្រុមតំណាងកម្ពុជាមួយនេះ នឹងឡើងទៅបង្គ្រប់កៅអីពូល A ដែលមានបេក្ខភាព ៤ក្រុមកំពុងឈរចាំ រួមមានក្រុម BG Pathum United (ថៃ), ក្រុម Teragganu FC (ម៉ាឡេស៊ី), ក្រុម PSM Makassar (ឥណ្ឌូនេស៊ី) និងក្រុម Dong A Thanh Hoa (វៀតណាម)៕