(ភ្នំពេញ)៖ ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក និងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានរៀបចំពិធីដាក់ឱ្យដំណើរការគម្រោងមូលនិធិវិនិយោគរួម និងក្រុមហ៊ុនចែកចាយលក់-ទិញត្រឡប់មកវិញ ឬទូទាត់សង នៃមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី ដំបូងគេនៅប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា។

ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក ត្រូវបានទទួលការអនុញ្ញាតដោយជោគជ័យពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដើម្បីក្លាយជាក្រុមហ៊ុនចែកចាយលក់-ទិញត្រឡប់មកវិញ ឬទូទាត់សង នៅក្នុងគម្រោងវិនិយោគរួម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក បានប្រកាសអំពីការទទួលបានការអនុញ្ញាតជាផ្លូវការក្នុងការចាប់ផ្ដើមអាជីវកម្មចែកចាយលក់-ទិញត្រឡប់មកវិញ ឬទូទាត់សង នៃមូលនិធិកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ហេតុដូច្នេះ ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក បានក្លាយជាក្រុមហ៊ុនចែកចាយលក់-ទិញត្រឡប់មកវិញ ឬទូទាត់សង នៅក្នុងគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា។

ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងការដាក់ឱ្យដំណើរការមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក៏បានប្រកាសអំពីការទទួលបានការអនុញ្ញាតចុះបញ្ជីមូលនិធិ ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការចាប់ផ្ដើមធ្វើការវិនិយោគនៃមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី។ ចាប់ពីពេលនេះតទៅ តម្លៃប្រចាំថ្ងៃនឹងឆ្លុះបង្ហាញអំពីការវាយតម្លៃទ្រព្យសកម្មមូលដ្ឋាននៅក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី។

កិច្ចសហការរវាងក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក និងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក នឹងនាំឱ្យទីផ្សារមូលធននៅកម្ពុជាត្រូវបានបង្កើតឡើងស្របទៅតាមនិន្នាការអន្តរជាតិ។ វិនិយោគិននៅក្នុងប្រទេសកម្ពុជាអាចវិនិយោគនៅក្នុងទីផ្សារអន្តរជាតិបាន តាមរយៈមូលនិធិនៃគម្រោងវិនិយោគរួមដែលបានធ្វើនិយ័តកម្មត្រឹមត្រូវ។ នេះនឹងបង្កើតឱ្យមានឱកាសជាច្រើនបន្ថែមទៀតសម្រាប់គម្រោងវិនិយោគរួម ដើម្បីធ្វើការវិនិយោគក្នុងគម្រោងនានានៅប្រទេសកម្ពុជា​ ក្រោមក្របខណ្ឌនៃនិយ័តកម្មតែមួយ។

មូលនិធិនៃគម្រោងវិនិយោគរួមត្រូវបានធ្វើនិយ័តកម្មយ៉ាងម៉ឺងម៉ាត់ ហើយការវិនិយោគក្នុងមូលនិធិទាំងនោះត្រូវបានត្រួតពិនិត្យជាច្រើនលើកដោយស្ថាប័នឯករាជ្យ។​ របាយការណ៍តាមកាលកំណត់ត្រូវបានផ្តល់ឱ្យវិនិយោគិនដើម្បីធានានូវតម្លាភាព។​ នេះសមស្រប​តាម​បេសកកម្មរបស់ប្រទេស​កម្ពុជាក្នុង​ការ​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក មានបំណងបង្កើតស្តង់ដាក្នុងការអនុវត្តការវិនិយោគប្រកបដោយទំនួលខុសត្រូវ និងដោះស្រាយបញ្ហានានាដែលវិនិយោគិនទូទៅជួបប្រទះ នៅពេលវិនិយោគក្នុងបរិយាកាសវិនិយោគមិនមាននិយ័តកម្មត្រឹមត្រូវ នាពេលកន្លងមក។

លោកបណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក បានលើកឡើងថា «យើងខ្ញុំមានកិត្តិយសក្នុងការសហការជាមួយក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ជាអ្នកត្រួសត្រាយក្នុងការបង្កើតថ្មីនេះ នៃទីផ្សារមូលធននៅកម្ពុជា។ បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សារបស់យើងខ្ញុំនៅប្រទេសសិង្ហបុរី យើងខ្ញុំទទួលស្គាល់ថានេះជាការវិវត្តលក្ខណៈធម្មជាតិក្នុងវិស័យ​មូលបត្រ។ យើងខ្ញុំសង្ឃឹមថា ភាពជាដៃគូរបស់យើងខ្ញុំនឹងរួមចំណែកដល់ការអភិវឌ្ឍឥតឈប់ឈរនិងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា»។

លោកស្រីឧកញ៉ា សែន ពិសិដ្ធវណ្ណីដា អភិបាលនៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានលើកឡើងថា “យើងខ្ញុំមានកិត្តិយសដែលបានសហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក លើការចែកចាយលក់​នៃមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី​ ប៊ីអេអឹមស៊ី។ ចំណែកយ៉ាងសំខាន់ចុងក្រោយនេះ នឹងអនុញ្ញាតឱ្យវិនិយោគិនអាចទៅកាន់សាខាណាមួយនៃ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដើម្បីដាក់បញ្ជាទិញនិងលក់ឯកតាមូលនិធិនៃមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី របស់យើងខ្ញុំ»។

សូមជម្រាបថា ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក គឺជាបុត្រសម្ព័ន្ធនិងជាកម្មសិទ្ធិទាំងស្រុងរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលបានបង្កើតឡើងនៅឆ្នាំ២០១០ និងផ្តល់សេវាកម្មជាច្រើន រួមមាន៖ ឈ្មួញជើងសាមូលបត្រ ភ្នាក់ងារចែកចាយលក់មូលបត្រ ភ្នាក់ងារតំណាងម្ចាស់បណ្ណបំណុល និងក្រុមហ៊ុនចែកចាយលក់-ទិញត្រឡប់មកវិញ ឬទូទាត់សងនៃមូលនិធិ ដល់អតិថិជនរូបវន្តបុគ្គលនិងនីតិបុគ្គល វិនិយោគិន និងសាធារណជន ដែលទើបតែទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។ បច្ចុប្បន្នក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា ដែលកាន់កាប់ចំណែកទីផ្សារប្រមាណជា ៧០% និង ៩០% លើចំនួនវិនិយោគិន និងតម្លៃនិងបរិមាណជួញដូរ ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក បានទទួលពានជាឈ្មួញជើងសាមូលបត្រល្អបំផុតជាច្រើនលើកពីផ្សារមូលបត្រកម្ពុជា។

ចំណែកក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ត្រូវបានដាក់ចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ២០២២ ហើយទទួលបានអាជ្ញាបណ្ណជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលចេញដោយ ន.ម.ក. ដើម្បីបង្កើតនិងគ្រប់គ្រងមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួម។ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនកើតចេញពីការបណ្តាក់ទុនរួមគ្នារវាង Banjaran Holdings Pte Ltd មកពីប្រទេសសិង្ហបុរី Best Magnet Capital Co., Ltd និង Primo Plus Co., Ltd ។ Banjaran Holdings និង BAMPL គឺជាក្រុមហ៊ុនញាតិសម្ពន្ធ។

ចំពោះមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី គឺជាមូលនិធិនៃគម្រោងវិនិយោគរួមដែលវិនិយោគលើភាគហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនធំៗនៅអាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសជប៉ុន។ មូលនិធិនេះមានគោលបំណងផ្តល់នូវផលចំណេញរំពឹងទុកពី ៧-១០% ក្នុងមួយឆ្នាំពីរយៈពេលមធ្យមទៅរយៈពេលវែង។ មូលនិធិនេះត្រូវបានរំពឹងថា នឹងត្រូវបានធ្វើពិពិធកម្មជាមួយនឹងភាគហ៊ុនយ៉ាងហោចណាស់៣០នៅទូទាំងអាស៊ី (ឧទាហរណ៍៖ ប្រទេសសិង្ហបុរី ទីក្រុងហុងកុង/ប្រទេសចិន ប្រទេសអូស្ត្រាលី ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន...) និងទៅលើវិស័យនានា៖ ធនាគារ ទ្រព្យសម្បត្តិ ឧស្សាហកម្ម តម្រូវការប្រើប្រាស់ ទូរគមនាគមន៍ បច្ចេកវិទ្យាជាដើម។ មូលនិធិនេះមានមូលដ្ឋាននៅកម្ពុជា ហើយត្រូវបានកំណត់ឱ្យប្រើប្រាស់រូបិយវត្ថុដុល្លារអាមេរិក។ មូលនិធិនឹងទទួលការធ្វើបរិវិសកម្មនិងការទិញត្រឡប់​មកវិញជាប្រចាំថ្ងៃ ហើយតម្លៃឯកតាមូលនិធិប្រចាំថ្ងៃរបស់មូលនិធិនឹងបង្ហាញនៅលើបណ្តាញផ្សព្វផ្សាយនានា៕