(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានចេញមកបញ្ជាក់ច្បាស់ៗថា ខ្សែបម្រើសំខាន់ Kevin de Bruyne នឹងមិនចាកចេញពីក្លិបមេឃខៀវនារដូវក្តៅនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករអន្តរជាតិប៊ែលហ្សិកខាងលើត្រូវបានព័ត៌មានមួយចំនួនចុះផ្សាយ អំពីការផ្សារភ្ជាប់ទៅលេងឱ្យក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត ជាទីដែលកំពុងជះលុយខ្លាំងទៅលើវិស័យកីឡា។

De Bruyne ដែលជាកូនសិស្សសំណព្វរបស់លោក Pep បានឈ្នះពានធំៗរួមគ្នាសរុបមានដល់ទៅ ១៧ពានហើយក្នុងក្លិប Manchester City ដែលបុរសសញ្ជាតិអេស្ប៉ាញទិញរូបគេពីក្លិប Wolfsburg របស់អាល្លឺម៉ង់។

លោក Pep បានបញ្ជាក់ថា «Kevin នឹងមិនចាកចេញនោះទេ»។ នេះជាសំដីដែលលោកបានថ្លែងក្នុងសន្និសីទ មុនជំនួបបើកឆាក pre-season របស់ City ទល់នឹង Celtic នៅទឹកដីសហរដ្ឋអាមេរិកនាថ្ងៃពុធស្អែកនេះ។

លោកថា De Bruyne នៅសល់កិច្ចសន្យា ១ឆ្នាំទៀតជាមួយ Man City ហើយកាលពីខែមុននេះ មេឃខៀវក៏បានពិចារណាកិច្ចសន្យាថ្មីជាមួយគេដែរ នៅមុនពេលក្លិបមកពី Saudi Pro-League ចូលចែចូវកីឡាករពូកែបោះបាល់នេះទៅទៀត។

Manchester City នឹងផ្តើមចេញការពារតំណែងជើងឯក Premier League ដែលពួកគេដណ្តើមបាន ៣រដូវកាលចុងក្រោយជាប់ៗគ្នាទល់នឹងតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សម្រាប់សប្តាហ៍ទី១ របស់ពួកគេ ស្របពេលលោក Pep Guardiola បានថ្លែងថា លោកនឹងរក្សាទម្រង់លេង និងកីឡាករចាស់ៗនៅដដែល៕