(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា សហការជាមួយ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ Sathapana FC និងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ នៅកីឡដ្ឋាន AIA Stadium KMH Park នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីធ្វើការរៃអង្គាសថវិកាជួយទ្រទ្រង់ដល់ការថែទាំកុមារ នៅក្នុងមន្ទីរពេទ្យកុមារអង្គរបានដោយជោគជ័យ។
មន្ទីរពេទ្យកុមារអង្គរ ជាមជ្ឈមណ្ឌលថែទាំសុខភាពឈានមុខគេ ដែលមានបេសកកម្មចូលរួមធ្វើឱ្យមានភាពប្រសើរឡើង ដល់ការថែទាំសុខភាពសម្រាប់កុមារកម្ពុជា។ អស់រយៈពេលជាង២០ឆ្នាំមកនេះ មន្ទីរពេទ្យតែងតែយកចិត្តទុកដាក់ឱ្យកុមារកម្ពុជាគ្រប់រូប ទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ។
ការរួមចំណែកនេះជាផ្នែកមួយក្នុងកម្មវិធី ទំនួលខុសត្រូវសង្គមរបស់ ធនាគារ ស្ថាបនា ដែលតែងតែប្តេជ្ញាចិត្តក្នុងការជំរុញផលវិជ្ជមានដល់សហគមន៍ ការថែទាំសុខភាព និងសុខុមាលភាពរបស់កុមារជំនាន់ក្រោយតាមរយៈកីឡាបាល់ទាត់។
ដោយមានចក្ខុវិស័យ និងឆន្ទៈរួមគ្នាសម្រាប់អនាគតកុមារកម្ពុជា ក្រុមបាល់ទាត់ Sathapana FC និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ បានចាប់ដៃគ្នាក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ។ នៅក្នុងការប្រកួតនេះផងដែរ យើងសង្កេតឃើញថាមានការគាំទ្រយ៉ាងខ្លាំង និងមានវត្តមានអ្នកចូលរួមប្រមាណជាង ១០០០នាក់ បានចូលទស្សនា និងចូលរួមជួយកុមារកម្ពុជាឱ្យមានជីវិតកាន់តែល្អប្រសើរ និងមានសុខភាពល្អ។ ក្នុងនោះផងដែរ ធនាគារ ស្ថាបនា សូមអបអរសាទរដល់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ទទួលបានជ័យជំនះដោយគ្រាប់បាល់ប៉េណាល់ទី។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកា ក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះផងដែរ ធនាគារ ស្ថាបនា បានបរិច្ចាគថវិកាចំនួន ១២លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងការផ្តល់ការថែទាំ និងការព្យាបាលជូនកុមារគ្រប់រូប។
ការបរិច្ចាគពីសប្បុរសជនទាំងអស់ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅដល់កុមារកម្ពុជា។ ថវិកាទាំងអស់ត្រូវបានចូលទៅកាន់គណនីរបស់មន្ទីរពេទ្យដោយផ្ទាល់ ដើម្បីឱ្យមន្ទីរពេទ្យបន្តបេសកកម្មជួយដល់ កុមាររាប់ពាន់នាក់ទទួលបានការថែទាំសុខភាព និងការព្យាបាលសង្គ្រោះជីវិតដោយឥតគិតថ្លៃ និងជួយឱ្យជីវិតកុមាររាប់ពាន់នាក់កាន់តែល្អប្រសើរឡើង។
លោកអ្នកអាចបន្តចូលរួមបរិច្ចាគតាមរយៈ៖
ទី១, ចូលទៅកាន់មុខងារ “Donation” ក្នុង ស្ថាបនា ម៉ូបាល។
ទី២, តាមរយៈគណនី Angkor Hospital for Children (USD) 07808082834100102។
សូមថ្លែងអំណរគុណដល់លោកអ្នកសម្រាប់ការចូលរួមបរិច្ចាគ និងអ្នកឧបត្ថម្ភកម្មពិធីទាំងអស់រួមមាន NT Sport Shop Peak Sport និងទឹកពិសាបរិសុទ្ធគង្គា ដែលបានចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌៕