(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកនឹងសិក្សាបន្តជាមួយនឹងអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខូវ ឆាយ បានឱ្យដឹងថា«ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំនឹងសិក្សាបន្តជាមួយនិងអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។ #កីឡាប្រដាល់គុនខ្មែរ #កីឡារស់ក្នុងសន្តិភាព #khovchhay»។

គួរឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចពិន័យអតីតកីឡាករ អេ ភូថង, ប្រពន្ធរបស់លោក និងកូនស្រី មិនឱ្យពាក់ព័ន្ធនឹងសកម្មភាពកីឡាប្រដាល់ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំនួន ៦ខែ។ នេះបើយោងតាមលិខិត ៣ផ្សេងគ្នា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការពិន័យនេះ ធ្វើឡើងបន្ទាប់ពីលោក អេ ភូថង, លោកស្រី សាំង សុម៉ាលី និងកីឡាការិនី អេ យ៉ានុត ធ្វើសកម្មភាពមិនសមរម្យនាបរិវេណសង្វៀនប្រដាល់ ក្រោយពេលកីឡាករ ម៉ឺន មេឃា ចាញ់កីឡាករ ចាន់ ប៊ុនហឿន ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕