(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានយកឈ្នះ ១-០ លើក្រុមជម្រើសជាតិ U19 ហ្វីលីពីន ក្នុងប្រកួតបង្គ្រប់កិច្ចបញ្ចប់វគ្គសន្សំពិន្ទុ ក្នុងរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ដែលនេះជាការរកបានជ័យជម្នះដំបូង ដ្បិតអស់ឱកាសឡើងវគ្គបន្តដោយឈរត្រឹមលេខ២ ក្នុងពូល A រកបានតែ ៣ពិន្ទុក្រោយឆ្លងកាត់ ៣ប្រកួត។

សម្រាប់ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ (ASEAN U19 Boy’s Championship 2024 ) ជាបន្តរួមមានក្រុមយុវជន U19 ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាក្រុមធ្វើបានល្អជាងគេដោយលេងមិនចាញ់សោះរកបាន ៩ពិន្ទុពេញចេញពីពូល A នឹងក្រុមអូស្ត្រាលី ចេញពីពូល B រកបាន ៦ពិន្ទុ ហើយចេញពីពូល C មាន២ក្រុម ក្នុងនោះមានក្រុមម៉ាឡេស៊ី រកបាន ៦ពិន្ទុ ឡើងទៅជាមួយក្រុមថៃ នាមជាក្រុមលេខ ២ល្អជាងគេក្រោយរកបាន ៦ពិន្ទុផងដែរ ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឹក្រុម U19 អូស្រ្តាលី ប៉ះក្រុមថៃ ហើយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជួបក្រុមម៉ាឡេស៊ី ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដានេះ មុនពេលវគ្គផ្តាច់ព្រ័ត្រ នឹងការដណ្តើមលេខ៣ ធ្វើងឡើងថ្ងៃ២៩ ខែដដែលនេះដូចគ្នា ៕