(ឡុងដ៍)៖ កីឡាករវាយកូនបាល់ទោល Any Murray របស់អង់គ្លេស បានប្រកាសព្យួររ៉ុកកែតហើយ ក្រោយចប់ព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympic Games 2024 ដែលមានបារាំងធ្វើម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសវ័យ ៣៧ឆ្នាំរូបនេះ គឺមានគម្រោងលេង Tennis នៅទីក្រុងប៉ារីសទាំងវិញ្ញាសាវាយទោល និងវាយជាគូ ដែលជាកម្មវិធីអូឡាំពិកលើកទី៥ ដែល Murray បានចូលរួម គិតចាប់តាំងពីអូឡាំពិកទីក្រុងប៉េកាំង ប្រទេសចិនក្នុងឆ្នាំ២០០៨ មក។

កីឡាករ Tennis ឈរនៅលំដាប់លេខ១ របស់អង់គ្លេសរូបនេះបានសរសេរបង្ហោះនៅលើបណ្តាញសង្គម X របស់ខ្លួនថា «ខ្ញុំបានធ្វើដំណើរមកដល់ទីក្រុងប៉ារីស គឺជាការប្រកួតលើកចុងក្រោយរបស់ខ្ញុំហើយ។ ការចូលរួមជាមួយ Team GB វាគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ និងពិតជាមោទកភាពខ្លាំងណាស់ផងដែរ ក្នុងការលេងជាលើកចុងក្រោយនេះ»។

Andy Murray អតីតជើងឯកក្នុងក្របខណ្ឌ Grand Slam ៣លើក និងពាន Wimbledon ២លើកផងនោះ បានទទួលការវះកាត់ត្រគាកម្តងដែរកាលខែមករា ឆ្នាំ២០១៩ នៅមុនពេលជួបបញ្ហារបួសខ្នងដែលទើបតែជាសះស្បើយ៕