(មិចស៊ីកូ)៖ លោក Javier Aguirre ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិមិចស៊ិក ដើម្បីជំនួសតំណែងលោក Jaime Lozano ដែលត្រូវបានដកតំណែងក្នុងខែនេះ បន្ទាប់ពីហាលអាវនៃព្រឹត្តិការណ៍ Copa America ត្រឹមវគ្គចែកពូល។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់មិចស៊ិក (FMF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ការតែងតាំងនេះ ត្រូវបានធ្វើឡើង ខណៈមិចស៊ិកបានត្រៀមខ្លួន ក្នុងការធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ជាមួយកាណាដា និងសហរដ្ឋអាមេរិក។

នេះជាលើកទី៣ ហើយដែលបុរសវ័យ ៦៥ឆ្នាំរូបនេះទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិមិចស៊ិក បន្ទាប់ពីធ្លាប់បានដឹកនាំក្រុមមួយនេះ ឡើងទៅប្រកួត World Cup ក្នុងឆ្នាំ២០០២ និងឆ្នាំ២០១០ ដោយបានឈ្នះពានរង្វាន់ CONCACAF Gold Cup ក្នុងឆ្នាំ២០០៩ ទៀតផង។

រយៈពេលនៃកិច្ចសន្យាថ្មីរបស់លោក Aguirre មិនត្រូវបានបង្ហាញនោះទេ។

សូមជម្រាបថា Aguirre បានដឹកនាំមិចស៊ិក ឈ្នះចំនួន ៣៨ប្រកួត, ចាញ់ ១២ប្រកួត និងស្មើ ១១ប្រកួត ក្នុងពេលវេលាដែលលោកធ្លាប់ដឹកនាំចំនួន ២លើកន្លងទៅ៕