(អ៊ីឌីនប៊ឺក)៖ ក្លិប Torino បានចុះកិច្ចសន្យាជាមួយអតីតខ្សែប្រយុទ្ធក្លិប Southampton កីឡាករ Che Adams លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើយោងតាមការប្រកាសពីក្លិបលេងនៅលីគកំពូលអ៊ីតាលី Serie A ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិស្កុតឡេន វ័យ ២៨ឆ្នាំរូបនេះ បានចាកចេញពី Southampton នៅពេលចប់រដូវកាលមុន ក្រោយពីកិច្ចសន្យារបស់លោក ត្រូវបានផុតកំណត់មុនចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយ Torino។

Adams បានលេង ៥រដូវកាល នៅ Southampton ដោយ រកបាន ៤៨គ្រាប់ ក្នុងចំណោម ១៩១ប្រកួត។

សម្រាប់ក្រុមជម្រើសជាតិវិញ លោកបានបង្ហាញខ្លួនលើកដំបូង ក្នុងក្រុមស្កុតឡេន នៅឆ្នាំ២០២១ និងបានលេងទាំង ៦ប្រកួត សម្រាប់ស្កុតឡេន នៅព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ និង២០២៤ ដែលមិនអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល។

សូមជម្រាបថា Torino បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ នៃតារាងលីគកំពូលអ៊ីតាលីកាលពីរដូវកាលមុន៕