(បរទេស)៖ ប្រភពពី DigitalChatStation បានរាយការណ៍មកថា ការចេញលក់ស្មាតហ្វូន Huawei Mate 70 series ត្រូវបានពន្យាពេល ដោយពេលវេលារំពឹងទុកថ្មីអាចនឹងមកដល់នៅចុងត្រីមាសទី៤ ឆ្នាំ២០២៤ ឯណោះ។ ការពន្យាពេលនេះ គឺមានជាប់ពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា HarmonyOS Next និងការអភិវឌ្ឍនៃស៊េរីបន្ទះឈីប Kirin។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

កាលពីឆ្នាំមុនក្រុមហ៊ុន Huawei បានធ្វើឱ្យកក្រើកនូវទូទាំងទីផ្សារស្មាតហ្វូនជាមួយនឹងការប្រកាសចេញលក់ Mate 60 Pro របស់ខ្លួនដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីបស៊េរីទំនើប ២ម៉ូដែលគឺ Kirin 9000s និង SK Hynix ដែលធ្វើក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខ្នាតយក្សជាច្រើនចាប់ផ្តើមកើតក្តីកង្វល់។ តែយ៉ាងណា តាមរយៈរបាយការណ៍ចុះផ្សាយចុងក្រោយនេះ ទំនងជាម៉ូដែល Huawei Mate 70 series នឹងមិនមកដល់ទីផ្សារទាន់ពេលវេលានោះទេ។

គួរជម្រាបដែរថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 ត្រូវបានគេរំពឹងថានឹងធ្វើឱ្យកក្រើកទីផ្សារជាថ្មី ជាមួយនឹងការអាប់ដេតសំខាន់ៗរួមមាន បន្ទះឈីប Kirin 9100 ដែលមានសមត្ថភាពខ្លាំងជាងមុន, អេក្រង់ប្រភេទ OLED (Resolution 1.5K LTPO), មុខងារ Scan មុខ 3D និងឧបករណ៍ចាប់សញ្ញា OmniVision OV50K ប្រើសម្រាប់កាមេរ៉ាមេ និងមុខងារ Aperture។ លើសពីនេះ ស៊េរីនេះត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយថ្មស៊ីលីកុនធំជាងមុន ដែលបង្កើនសមត្ថភាពលើសពី ៥,០០០ មីលីអំពែម៉ោងឯណោះ។

តែយ៉ាងណាជុំវិញព័ត៌មានល្អិតអំពីរបាយការណ៍នេះ ក្រុមហ៊ុន Huawei នៅមិនទាន់មានការអះអាង និងប្រកាសជាផ្លូវការនៅឡើយនោះទេ៕