(ឡុងដ៏)៖ ខ្សែបម្រើប្រយុទ្ធស្លាប Moussa Diaby របស់ក្លិប Aston Villa បានត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លិប Al-Ittihad នៃលីគអារ៉ាប៊ីសាអូឌីត Saudi Pro League ជាមួយនឹងតម្លៃប្រហែល ៦០លានអឺរ៉ូ ស្មើនឹងប្រមាណ ៥៤លានដុល្លារ, នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រភពខាងលើបន្តថា កីឡាករសញ្ជាតិបារាំង Moussa Diaby មានវ័យ ២៥ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ចប់ការចុះកិច្ចព្រមព្រៀង បន្ទាប់ពីទើបតែបានលេងមួយរដូវកាលប៉ុណ្ណោះជាមួយនៅ Aston Villa ជាមួយការលេងបាន ៥៤ប្រកួតរកបាន ១០គ្រាប់ផងដែរ ក៏ជាសមាជិករួមចំណែកជួយក្លិប Aston Villa មានកៅអីលេងពាន UEFA Champions League រដូវកាល២០២៤-២៥ ។

រំលឹកផងថា Moussa Diaby ជាកីឡាករម្នាក់ត្រូវបានក្លិប Aston Villa នាំមកពីក្លិប Bayer Laverkusen ស្ថិតក្នុងរបាយការណ៍តម្លៃប្រមាណ ៥១.៩លានផោន បន្ទាប់ពីបានលេង ៤រដូវកាលនៅលីគអាល្លឺម៉ង់ ស៊ុតបានចំនួន ៤៩គ្រាប់ពីការលេង ១៧២ប្រកួត នាមជាកីឡាករយុវជនថ្នាលរបស់ Paris Saint Germain ។

តាមរយៈនេះ Moussa Diaby នឹងក្លាយជាសមាជិកមានសញ្ជាតិបារាំងទី៣ នៅជាមួយក្លិប Al-Ittihad បន្ទាប់ពីការទៅដល់របស់កីឡាកររួមសញ្ជាតិឆ្នើមៗ ដូចជាកីឡាករ Karim Benzema និងខ្សែបម្រើ N’Golo Kante ខណៈរដូវកាល២០២៣-២៤ ក្លិបនេះបានបញ្ចប់លេខរៀងទី៥ មិនមានឱកាសសូម្បីលេងវគ្គជម្រុះ AFC Champions League Two group stage ៕