(បរទេស)៖ ស្មាតហ្វូនដែលផលិតក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍មកថា គ្រោងបញ្ចុះតម្លៃ ១៥% សម្រាប់អតិថិជនក្នុងស្រុក បន្ទាប់ពីប្រទេសនេះទើបតែចេញច្បាប់ថ្មីស្តីពីការបន្ធូរបន្ថយពន្ធ ដែលត្រូវបានប្រកាសអនុវត្តដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសឥណ្ឌាផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន GSM Aarena។

ការបញ្ចេញច្បាប់ថ្មីក្នុងឆ្នាំ២០២៤ ស្តីពីការបន្ធូរបន្ថយពន្ធនៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីឱ្យឧបករណ៍ដែលផលិតក្នុងប្រទេសឥណ្ឌាកាន់តែមានតម្លៃសមរម្យ និងជំរុញដល់ឧស្សាហកម្មទូរស័ព្ទនៅក្នុងប្រទេសនេះផ្ទាល់ ក្នុងយុទ្ធនាការ «Make in India»។ ទោះបីជាយ៉ាងណាក៏ដោយ ការកាត់បន្ថយនេះទៀតសោទ គឺអនុវត្តចំពោះតែផ្នែកខ្លះប៉ុណ្ណោះ មានន័យថាមានតែទូរសព្ទដែលបានដំឡើងនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ ដែលនឹងអាចយកមកអនុវត្តចំពោះច្បាប់ថ្មីនេះ។

យោងតាមអ្នកវិភាគមួយចំនួន យល់ឃើញថាការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជំរុញការប្រមូលផ្តុំក្នុងស្រុក និងទាក់ទាញការវិនិយោគសកល។ កត្តានេះអាចពង្រឹងជំហររបស់ប្រទេសឥណ្ឌា ឲ្យប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតស្មាតហ្វូនរបស់ពិភពលោក និងធ្វើឱ្យការលក់ស្មាតហ្វូនកាន់តែប្រសើរឡើង ជាពិសេសគឺផ្តោតលើស្មាតហ្វូនមានតម្លៃក្រោម ៣០០ដុល្លារ។ គំនិតផ្តួចផ្តើម «Make in India» នេះត្រូវបានចាប់ផ្តើមជិត ១០ឆ្នាំមុនដោយរដ្ឋបាល Modi ដើម្បីជំរុញការធ្វើឌីជីថលនីយកម្ម និងការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃដោយប្រជាជនឥណ្ឌា។

គួរជម្រាបថា ទូរស័ព្ទពេញនិយមបំផុតមួយចំនួនដែលត្រូវបានបង្កើតឡើងជាផ្នែកនៃយុទ្ធនាការនេះគឺ OnePlus Nord 4, Samsung Galaxy M35 និង Xiaomi Redmi 13 5G ។ ងាកមក Apple ក៏បានផលិតខ្លះក្នុងប្រទេសឥណ្ឌាដែរដូចជា iPhone 15 ជាដើម ប៉ុន្តែមិនមែនចំពោះម៉ូដែល iPhone ទាំងអស់ស្ថិតក្នុងការបន្ធូរបន្ថយពន្ធនេះទេ៕