(ភ្នំពេញ)៖ លោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ទទួលស្គាល់កាលពីជើងទី១ នៃការប្រកួតជម្រុះជើងឯកក្លិបកំពូលអាស៊ាន ASEAN Club Champion-Shopee Cup 2024/25 ទល់នឹង Young Elephants របស់ឡាវ ខ្សែប្រយុទ្ធចំណូលថ្មី Pablo Augusto មានឱកាសស៊ុតបញ្ចប់ទីជាច្រើនលើក តែធ្វើមិនបានសម្រេច។

គ្រូបង្វឹកជនជាតិអេស្ប៉ាញខាងលើ បានពន្យល់ថា មានឱកាសធំៗយ៉ាងហោច ៣លើក ដែល Pablo អាចរកគ្រាប់បាល់បាន តែបែរជាខកខានឱកាសនោះទៅវិញ។ យ៉ាងណាលោកជឿជាក់លើសមត្ថភាព និងគុណភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ និងបានស្នើឲ្យអ្នកគាំទ្រ កុំមានការព្រួយបារម្ភ ដ្បិតលើជឿជាក់ថា Pablo នឹងអាចរកគ្រាប់បាល់បានច្រើន ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលនេះ។

លោក Pep Muñoz និយាយថា «Pablo គាត់ជាខ្សែប្រយុទ្ធ។ អ៊ីចឹងគាត់ទាមទារនូវការស៊ុតបញ្ចប់ទី តែនៅពេលគាត់អត់អាចរកគ្រាប់បាល់បាន គាត់ក៏មិនសប្បាយចិត្តដែរ។ ប៉ុន្ដែសម្រាប់គ្រូ យើងឃើញហើយការហ្វឹកហាត់របស់គាត់រាល់ថ្ងៃ គាត់អាចរកគ្រាប់បាល់បានច្រើន គាត់មានគុណភាពនៅកម្រិតខ្ពស់ កម្រិតល្អ។ អ៊ីចឹងអ្វីដែលយើងបារម្ភ គឺយើងអត់អាចបង្កើតឱកាសឲ្យខ្សែប្រយុទ្ធយើងស៊ុតបញ្ចប់ទីបាន តែចំណុចនេះ ខ្ញុំគិតថា មិនបាច់បារម្ភទេ Pablo អាចនឹងរកគ្រាប់បាល់ច្រើន»

គួរដឹងថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវស្វាគមន៍ក្រុម Young Elephants របស់ឡាវ នាម៉ោង ៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងជំនួបវគ្គជម្រុះជើងទី២ នៃពានរង្វាន់ ASEAN Club Champion-Shopee Cup 2024/25 បន្ទាប់ពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដី ៣-២ នៅទីក្រុងវៀងចន្ទន៍។ ការប្រកួតនេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបកំពូលអាស៊ាននេះ៕