(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងធនាគារ វីង (ខេមបូឌា) ម.ក ដោយរួមគ្នារៀបចំកម្មវិធី «វេទិកាអប់រំឌីជីថល» នៅអគារ វីងថៅវើ និងបានបើកឱកាសឱ្យភាគីពាក់ព័ន្ធក្នុងវិស័យអប់រំសាធារណៈ និងឯកជន ភាគីបង្កើតប្រព័ន្ធឌីជីថលសាលា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងពិភាក្សាលើការចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយ​សម្រាប់ការអនុវត្តជាយុទ្ធសាស្ត្រអប់រំឌីជីថល។

នាឱកាសនោះលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្ពុជាកំពុងផ្តល់អាទិភាពដល់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថល ជាមូលដ្ឋានគ្រឹះក្នុងយុគ​សម័យនេះ។ វេទិកាដែលជំរុញបរិវត្តកម្មអប់រំបែបប្រពៃណីទៅប្រើប្រាស់ប្រព័ន្ធព័ត៌មានបែបឌីជីថលនេះ ត្រូវបានរៀបចំឡើងដោយមានគំនិតផ្តួចផ្តើមពីក្រុមហ៊ុន សែលកាត និងធនាគារ វីង។ ការប្រើប្រាស់ប្រព័ន្ធព័ត៌មាន បែបឌីជីថលនេះមាន ប្រសិទ្ធភាព មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងសមធម៌ក្នុងប្រព័ន្ធអប់រំ ដែលស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យជាតិសម្រាប់ ឆ្នាំ២០៣០ និង ២០៥០។

លោក Simon Perkins អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឱ្យដឹងដែរថា ក្រុមហ៊ុន សែលកាត បានប្រមើលមើលឃើញថា សិស្សានុសិស្ស ក្នុងប្រទេសកម្ពុជា នឹងមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាពកម្រិតខ្ពស់ តាមរយៈវេទិកាឌីជីថលនាពេលអនាគត។ ក្រុមហ៊ុននឹងគាំទ្រផ្នែកឌីជីថលនៅកម្ពុជានាពេលអនាគត ហើយយើងជឿថា បច្ចេកវិទ្យាជាឧបករណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ការលើកកម្ពស់វិស័យអប់រំ និងជួយសម្រួលដល់សិស្សានុសិស្ស។

លោក Simon Perkins បានបន្ថែមថា ប្រសិនបើមានប្រព័ន្ធឌីជីថលដូចជាប្រព័ន្ធ SMIS ដែលយើងមានគោលបំណងនឹងដាក់ឱ្យប្រើប្រាស់ទៅជាបរិវត្តកម្មប្រព័ន្ធឌីជីថលទំនើបនៅក្នុងសាលារៀននោះ យើងមិនត្រឹមតែលើកកម្ពស់លទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិផងដែរ។ នៅក្នុងវេទិកានេះបានពិភាក្សាអំពីស្ថានភាពបរិវត្តកម្មអបរំឌីជីថលនៅកម្ពុជា ដោយរំលេចឡើងអំពីថា តើប្រសិនបើយើងប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា (SMIS) វាអាចធ្វើទំនើបកម្មការគ្រប់គ្រងផ្នែករដ្ឋបាលសាលា និងជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ហើយថែមទាំងភ្ជាប់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុជាមួយ ធនាគារ វីង មានភាពងាយស្រួលរបៀបណា។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា អនាគតនៃការអប់រំ គឺត្រូវពឹងផ្អែកលើសមត្ថភាពក្នុងការសម្របខ្លួន និងការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលទំនើបៗ។ ការចាប់យក​បច្ចេកវិទ្យាឌីជីថល គឺជាកត្តាគន្លឹះដើម្បីជួយបង្កើនសក្តានុពលដែលជាមធ្យោបាយ និងជំនាញសម្រាប់យុវជនរបស់យើងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។

លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា ភាពជាដៃគូនេះគឺឆ្លុះបញ្ចាំងពីទស្សនៈវិស័យធនាគារ វីង ដែលប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានភាពងាយស្រួលសម្រាប់សម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ​របស់ប្រជាជនកម្ពុជាយើង។ ការដាក់បញ្ចូល ប្រព័ន្ធទូទាត់ឌីជីថលដែលមានសុវត្ថិភាពនៅក្នុងវិស័យអប់រំ យើងមិនគ្រាន់តែជំរុញភាពរីកចម្រើនប៉ុណ្ណោះទេ តែថែមទាំងបង្កើតបាន​នូវសហគមន៍មួយ​ដែលមានទំនាក់ទំនងកាន់តែមានការផ្សារភ្ជាប់។ វេទិកាអប់រំឌីជីថល ជាកាតាលីករសម្រាប់សហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ។ សូមរួមគ្នា នឹងត្រួសត្រាយផ្លូវជំរុញបរិវត្តកម្មអប់រំឌីជីថល នៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខេម ជ្ជីអេសអេម (សែលកាត) ចាប់ដំណើរការក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេ​​នៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេសនិងងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារ ក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។  

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា បានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ 2008 ធនាគារ វីងបានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់​​ ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថលដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូបធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះ​ក៏មាននូវ​ប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស។

ធនាគារ វីង ដំណើរការសាខាចំនួន ២១ទីតាំង, ភ្នាក់ងារវីងម៉ាស្ទ័រ ៨០កន្លែង, បណ្តាញភ្នាក់ងារ ១១,០០០កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង ១០០មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។ ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញនៅក្នុងផលប័ត្រចម្រុះនៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាងទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថាមវ័ន្តនិងមានភាពច្នៃប្រឌិតធនាគារវីង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ សេវាធនាគារឌីជីថល ដែលមានភាពងាយស្រួលនិងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់៕