(បរទេស)៖ របាយការណ៍ថ្មីពី The Information បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងបន្តធ្វើការលើ iPhone អេក្រង់បត់ដំបូងបង្អស់របស់ខ្លួនដែលអាចនឹងចេញលក់នៅដើមឆ្នាំ២០២៦។ ស្មាតហ្វូនអេក្រង់បត់នេះ មានពាក្យចចាមអារ៉ាមថានឹងមានការរចនាម៉ូដប្រភេទ clamshell ស្រដៀងទៅនឹង Samsung Galaxy Z Flip ដែលមានទម្រង់ផ្តេក។ នេះបើយោងតាមការចេញផ្សាយដោយ The Verge។

កាលពីខែកុម្ភៈកន្លងទៅ សារព័ត៌មាន The Information បានរាយការណ៍ថា Apple កំពុងស្ថិតក្នុងដំណាក់កាលដំបូងក្នុងការបង្កើតគំរូ iPhone អេក្រង់បត់។ យ៉ាងណា ការអាប់ដេតថ្មីៗនេះបង្ហាញថា Apple ឥឡូវនេះបានផ្តោតលើការរចនាជាក់លាក់មួយ ដែលមានឈ្មោះកូដ V68។ ការអភិវឌ្ឍន៍នេះបង្ហាញថាគម្រោងបានរីកចម្រើនហួសពី «ដំណាក់កាលដំបូង» ហើយបច្ចុប្បន្នកំពុងសហការជាមួយអ្នកផ្គត់ផ្គង់។

គួរជម្រាបដែរថា Apple ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការលើការបង្រួមស្នាមផ្នត់ ឬកន្លាក់បត់អេក្រង់ ដែលលេចឡើងនៅពេលដែលឧបករណ៍ត្រូវបានបើក ហើយមានបំណងសម្រេចបាននូវទម្រង់ស្តើងជាងបើប្រៀបធៀបទៅនឹងម៉ូដែល iPhone នាពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត Apple ក៏មានពាក្យចចាមអារ៉ាមថា កំពុងធ្វើការលើ MacBook អេក្រង់បត់ផងដែរ ដែលគ្រោងនឹងចេញលក់នៅឆ្នាំ២០២៦៕