(បរទេស)៖ តាមរយៈការបង្ហោះសារស្ទង់មតិមួយលើបណ្តាញសង្គម X នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បង្ហាញបំណងចង់ឲ្យក្រុមហ៊ុន Tesla វិនិយោគខ្ទង់ ៥ពាន់លានដុល្លារ ចូលក្នុងក្រុមហ៊ុនថ្មី xAI ប្រសិនបើវិនិយោគិនយល់ព្រម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងសារនោះ Elon Musk បានសរសេរបែបចោទជាសំនួរថា «តើ Tesla គួរតែវិនិយោគ ៥ពាន់លានដុល្លារទៅក្នុង xAI ដែរឬទេ? ដោយសន្មតថា ការវាយតម្លៃត្រូវបានកំណត់ដោយអ្នកវិនិយោគ» (បានន័យថា ប្រសិនបើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាល និងការបោះឆ្នោតពីម្ចាស់ភាគហ៊ុន គម្រោងនេះនឹងសម្រេច ដូច្នេះការបង្ហោះសារនេះគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ)។

គួរជម្រាបថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ត្រូវបានគេដឹងថា បានដាក់ក្រុមហ៊ុនជាច្រើនដំណើរការដំណាលគ្នារួមនាន Tesla, SpaceX, The Boring Company, Neuralink, X Corp ហើយឥឡូវនេះ xAI ខណៈការបង្ហោះសារស្ទង់មតិនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីការប្រកាសពីប្រាក់ចំណូលត្រីមាសទីពីររបស់ក្រុមហ៊ុន Tesla បានបញ្ចប់នៅល្ងាចថ្ងៃអង្គារ៍សប្តាហ៍នេះ។ Tesla បានរាយការណ៍ពីប្រាក់ចំណូលនៅត្រីមាសទីពីរ គឺធ្លាក់ចុះពីការរំពឹងទុករបស់អ្នកវិភាគ និងជាការធ្លាក់ចុះប្រាក់ចំណូលនៅក្នុងផ្នែករថយន្តស្នូលរបស់ខ្លួន។ ប្រការនេះក៏បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះច្រើនជាង ៧% ផងដែរ៕