(ភ្នំពេញ)៖ ធនាគារ វីង ចូលរួមអភិវឌ្ឍអាជីវកម្មក្នុងស្រុក តាមរយៈផ្តល់ការគាំទ្រដល់កម្មវិធី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន» របស់សភាពាណិជ្ជកម្មកម្ពុជា ដែលផ្តល់នូវចំណេះដឹងចាំបាច់នានា ទៅដល់អ្នកចូលរួមដើម្បីជំរុញកំណើនអាជីវកម្ម។ ធនាគារ វីង (ខេមបូឌា) ម.ក បានរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីដំណើរការ កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន រដូវកាលទី៣។ ការចូលរួមគាំទ្រកម្មវិធីនេះ គឺមានគោលបំណងជួយទៅដល់អាជីវកម្មក្នុងស្រុក ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ឱកាសដល់ពួកគាត់ទទួលបានចំណេះដឹងអាជីវកម្មចាំបាច់នានា និងការកសាងបណ្តាញទំនាក់ទំនងផ្សេងៗ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា «ភាពជោគជ័យនៃអាជីវកម្មក្នុងស្រុកដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ធនាគារ វីង ពិតជាមានមោទកភាពក្នុងការចូលរួមគាំទ្រ កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដែលនឹងរួមចំណែកដ៏សំខាន់ដល់ការបង្កើតសហគមន៍អាជីវកម្មមួយដ៏រស់រវើក និងកាន់តែរឹងមាំ»
កម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន គឺជាវេទិកាមួយផ្តល់ឱកាសទៅដល់ម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីការធ្វើអាជីវកម្ម ប្រកបដោយចីរភាព ក៏ដូចជាចំណេះដឹងអំពីបច្ចុប្បន្នភាព នៃការវិវឌ្ឍបរិយាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីជួយសហគ្រិនអាចកំណត់ពីបញ្ហាប្រឈម ហើយជៀសវាងកំហុសឆ្គងផ្សេងៗ ជំរុញការបណ្តាក់ទុនឱ្យកាន់តែជោគជ័យ និងទទួលបានព័ត៌មានថ្មីៗពីរដ្ឋាភិបាល និងការផ្លាស់ប្តូរគោលនយោបាយផ្សេងៗ។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះធនាគារ វីង ដែលបានផ្តល់ការគាំទ្រសម្រាប់ការដំណើរការកម្មវិធីនេះ។ លោកបានលើកឡើងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វីង សម្រាប់ការគាំទ្រដ៏មានតម្លៃដែលជួយឱ្យដំណើរការ កម្មវិធីនេះការប្រព្រឹត្តតទៅដោយរលូន។ ការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការរួមចំណែកជួយដល់ម្ចាស់អាជីវកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាកាយវិការដ៏គួរឱ្យស្ងើចសរសើរ»

រដូវកាលទី៣នៃកម្មវិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងខេត្តចំនួន៥ ហើយក្នុងនោះខេត្តកំពង់ធំ និងខេត្តព្រះសីហនុ បានប្រព្រឹត្តិទៅដោយជោគជ័យនៅក្នុងខែកក្កដា ដោយវគ្គនីមួយៗមានអ្នកចូលរួមជាង ១០០នាក់។ កម្មវិធីនីមួយៗ មានការចែករំលែកពីប្រធានបទសំខាន់ៗ ដែលស្របទៅតាមតម្រូវការ និងចំណាប់អារម្មណ៍របស់អ្នកចូលរួម ដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្តនីមួយៗផងដែរ។ 

ឆ្នាំ២០២៤នេះ គឺជារដូវកាលទី៣ហើយ ដែលសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើននេះឡើង។ រដូវកាលទី១ ត្រូវបានរៀបចំធ្វើឡើងក្នុងឆ្នាំ២០២១ ដែលផ្តល់ឱ្យអ្នកចូលរួមទទួលបានការចែករំលែកចំណេះដឹងសំខាន់ៗ ដើម្បីរក្សាលំនឹងអាជីវកម្មក្នុងកំឡុងកូវីដ-១៩។ ចំណែករដូវកាលទី២ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការជំរុញប្រតិបត្តិការអាជីវកម្ម នៅក្រោយស្ថានភាពកូវីដ-១៩។

ធនាគារ វីង បានក្លាយជាដៃគូដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាជាយូរមកហើយ ដោយតែងតែចូលរួមគាំទ្របេសកកម្មស្ថាប័ននេះ ដើម្បីជួយជ្រោមជ្រែងអាជីវកម្មនៅកម្ពុជា។ សកម្មភាពទាំងនោះរួមមាន៖ ការចូលរួមគាំទ្រកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២, ការរៀបចំកម្មវិធីអាហារសាមគ្គីជាមួយសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តបាត់ដំបង ដែលបានជួយដល់ផលិតផលក្នុងខេត្តនេះអាចឈានជើងចូលហាងលក់រាយ 7-ELEVEN និងការចូលរួមគាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ២០២៤ ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត។

ទិន្នន័យរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកបានបង្ហាញថា សហគ្រាសធុនតូច និងមធ្យមសមមូលនឹងប្រមាណ៩០% នៃក្រុមហ៊ុនទាំងអស់នៅកម្ពុជា ដែលផ្តល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប និងចូលរួមក្នុងសេដ្ឋកិច្ចជាតិស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុក។ តាមរយៈការជួយជ្រោមជ្រែងអាជីវកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាមួយនឹងចំណេះដឹង និងធនធានចាំបាច់នានា ធនាគារ វីង និងសភាពាណិជ្ជកម្មកម្ពុជា នឹងជួយជំរុញការអភិវឌ្ឍសសហគមន៍អាជីវកម្មមួយកាន់តែរស់រវើក និងប្រកបដោយភាពធន់៕