(ប៉ារីស)៖ ប្រភេទកីឡាបាល់ទាត់ ទាំងវិញ្ញាសាបុរស-នារី នឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុតាមពូលពីរាត្រីថ្ងៃពុធនេះតទៅហើយ ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង មុន ២ថ្ងៃដែលពិធីបើកនឹងប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។

វិញ្ញាសាបាល់ទាត់ផ្នែកបុរស ដែលលេងតែឈុតយុវជនអាយុក្រោម ២៣ឆ្នាំ មាន ១៦ក្រុមចូលរួម ចែកចេញពី ៤ពូល ស្របពេលនារី លេងឈុតធំ ដោយមាន ១២ក្រុម (ប្រទេស) ចូលរួម ក្នុងការប្រកួតប្រជែងមេដាយមេដាយមាស។

គួរបញ្ជាក់ផងថា វិញ្ញាសាផ្នែកបុរសដែលលេងតែឈុត U23 ក៏មានកីឡាករលើសអាយុចំនួន ៣នាក់ក្នុង ១ក្រុមផងដែរ ដ្បិតលេខ១ និងលេខ២ ត្រូវបានឡើងដោយស្វ័យប្រវត្តិទៅវគ្គ ៨ក្រុមចុងក្រោយ នៅពេលក្រុមនារីវិញ លេខ១ និងលេខ២ ឡើងទៅវគ្គ ៨ក្រុម និងលេខ៣ ល្អចំនួន ២ក្រុមទៀត ក៏នឹងត្រូវជ្រើសរើស ដើម្បីបំពេញវគ្គចាញ់-ធ្លាក់ជាបន្តទៀតដែរ។

គួរបញ្ជាក់ផងថា សម្រាប់អូឡាំពិករដូវក្តៅ លើកទី៣៣ ឆ្នាំ២០២៤ ដែលមាន ៣២ប្រភេទកីឡាដាក់ឱ្យប្រកួតប្រជែងមេដាយនៅប្រទេសបារាំងលើកនេះ កម្ពុជាក៏មាន ២ប្រភេទកីឡាចូលរួមនឹងគេដែរគឺ ហែលទឹក និងអត្តពលកម្ម ដែលមានអត្តពលិកសរុប ៣នាក់ ក្នុងចំណោមអត្តពលិកសរុប ១០,៧១៤នាក់ មកពីជុំវិញពិភពលោក៕