(តូក្យូ)៖ កីឡាករប្រដាល់ Manny Pacquiao រួមទាំងក្រុមគ្រួសារបានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ ដើម្បីត្រៀមប្រកួតទល់នឹងកីឡាករម្ចាស់ផ្ទះ Rukiya Anpo នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ inquirer.net នៅថ្ងៃនេះ។

អតីតនិម្មិតរូបកីឡាប្រដាល់សកល វ័យ ៤៥ឆ្នាំដែលបានចូលនិវត្តន៍កាលឆ្នាំ២០២១ នោះ បានធ្វើដំណើរមកដល់ព្រលានយន្តហោះ Haneda ដើម្បីប្រកួតជាលក្ខណៈផ្សាយពាណិជ្ជកម្មដែលមាន ៣ទឹក និងមាន ៣នាទី ក្នុង ១ទឹកផងដែរ នៅសង្វៀន Saitama Arena ប្រទេសជប៉ុន។

ការប្រកួតពុំមែនជាលក្ខណៈអាជីពនេះដែរ គឺគ្មានចៅក្រមដាក់ពិន្ទុនោះទេ ដែលវាជាលើកទី១ ផងដែរសម្រាប់អតីតជើងឯកខ្សែក្រវាត់ ៨ប្រភេទទម្ងន់ Pacquiao ឡើងប្រកួតជាលក្ខណៈផ្សាយពាណិជ្ជកម្ម គិតចាប់ពីប្រកួតទល់នឹង YouTuber DK Yoo របស់កូរ៉េខាងត្បូងនៅក្នុងទីក្រុង Seoul នាអំឡុងខែធ្នូ ឆ្នាំ២០២២។

គួររំលឹកផងថា កាលពីខែមុន Pac Man បាននិយាយថា រូបលោកបានកំពុងពិភាក្សាគ្នា ដើម្បីជួបប្រកួតទល់នឹងកីឡាករអាមេរិក Mario Barrios ក្នុងការដណ្តើមខ្សែក្រវាត់ពិភពលោក WBC ក្រោយពេលបរាជ័យក្រោមកណ្តាប់ដៃរបស់កីឡាករគុយបា Yordenis Ugas ដែលជា ១ប្រកួតចុងក្រោយរបស់លោកផងដែរ មុនពេលប្រកាសចូលនិវត្តន៍ជាលើកទី២៕