(បរទេស)៖ ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកដំឡើង iPhone ដ៏ធំបំផុតរបស់ Apple បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងវិនិយោគ ១ពាន់លានយន់ (ប្រហែល ១៣៧.៥លានដុល្លារ) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលថ្មីសម្រាប់អាជីវកម្មរបស់ខ្លួននៅក្នុងក្រុង Zhengzhou ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន Foxconn មានឈ្មោះជាផ្លូវការថា Hon Hai Precision Industry បានឱ្យដឹងបន្ថែមទៀតថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋាភិបាលខេត្ត Henan ប្រទេសចិន សម្រាប់គម្រោងដែលបានស្នើឡើង ដោយគ្របដណ្តប់លើផ្ទៃសាងសង់ប្រហែល ២៨៣ ហិកតា។ Foxconn កំពុងទទួលបានជោគជ័យខ្លាំងនៅក្នុងអាជីវកម្មម៉ាស៊ីនមេ ដែលប្រើក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត AI។ ការកើនឡើងនេះ គឺដោយសារតែភាពជាដៃគូរបស់ខ្លួនជាមួយអតិថិជនធំៗ រួមមាន Nvidia, Amazon, Google និង Microsoft ក៏ដូចជាការណែនាំផលិតផល AI ថ្មីដែលដំណើរការដោយបន្ទះឈីបកម្រិតខ្ពស់។

គួរជម្រាបដែរថា នៅក្នុងខែនេះ ក្រុមហ៊ុន Foxconn បានបង្ហោះប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួន ដែលជាលទ្ធផលទទួលបានលើសពីការរំពឹងទុកលើតម្រូវការម៉ាស៊ីនមេ AI មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនព្យាករណ៍បន្ថែមទៀតថានឹងបន្តកើនឡើងនៅក្នុងត្រីមាសបច្ចុប្បន្នបន្ថែមទៀត៕