(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង និងកីឡាករ ធារី ចន្ថាប៊ីន បានចាត់ទុកការប្រកួតនៅវគ្គចែកពូល នៃពានរង្វាន់ ASEAN Club Championship-Shopee Cup ឆ្នាំ២០២៤-២០២៥ គឺជាឱកាសមួយ ដើម្បីបង្ហាញពីកម្រិតលេង រវាងក្លិបបាល់ទាត់កម្ពុជា ជាមួយបណ្ដាក្លិបធំៗក្នុងតំបន់។

ការលើកឡើងនេះ បន្ទាប់ពីស្វាយរៀង បានទម្លាក់ក្រុម Young Elephants របស់ឡាវ ដោយលទ្ធផល ៨-៣ ក្នុងជំនួបវគ្គជម្រុះ ២ជើងកាលពីពេលថ្មីៗ ហើយបានឡើងទៅវគ្គចែកពូល (ពូលA) ជាមួយបេក្ខភាព ៥ក្រុមផ្សេងទៀតរួមមានក្រុម BG Pathum United (ថៃ), ក្រុម Teragganu FC (ម៉ាឡេស៊ី), ក្រុម PSM Makassar (ឥណ្ឌូនេស៊ី), ក្រុម Dong A Thanh Hoa (វៀតណាម) និងក្រុម Shan United របស់មីយ៉ាន់ម៉ា ដែលទើបទម្លាក់ក្រុម Kasuka របស់ប្រ៊ុយណេ ក្នុងវគ្គជម្រុះដោយលទ្ធផល ៤-២។

បន្ទាប់ពីវាយបកឈ្នះក្រុម Young Elephants ៥-១ ក្នុងជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ លោក Pep ថា ក្រុមខ្លួនមិនទាន់ធ្វើបានល្អនោះទេ ដែលទាមទារឲ្យលោកត្រូវព្យាយាមរៀបចំក្រុមកាន់តែល្អ ដើម្បីបន្ដដំណើរទៅប្រកួតវគ្គចែកពូលនាខែក្រោយ ដែលប្រជុំដោយក្រុមខ្លាំងៗក្នុងពូល ក៏ដូចជាបង្ហាញពីកម្រិតលេងរបស់ក្រុម ជាមួយបណ្ដាក្លិបទាំងអស់នោះផងដែរ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា «ពួកយើងបានដឹងហើយថា ពួកគេខ្លាំងកម្រិតណា ប៉ុន្តែយើងក៏ជាក្រុមជើងឯករបស់កម្ពុជា ហើយចង់បង្ហាញកម្រិតរបស់យើងទៅកាន់ក្រុមធំទាំងនោះ។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដែលយើងមាន ពួកគេជាក្រុមខ្លាំង មានកីឡាករល្អ តែយើងត្រូវលេង ១១នាក់ស្មើគ្នា។ យើងចង់ឈ្នះតាមដែលអាចធ្វើបាន។ យើងមិនមែនឡើងវគ្គចែកពូលដើម្បីតែចូលទេ គឺដើម្បីបង្ហាញពីកម្រិតរបស់យើង...»

ដោយឡែកខ្សែការពារខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានលើកឡើងស្រដៀងគ្នាថា «យើងដឹងហើយថា នៅពូលយើងប៉ះ សុទ្ធតែជាក្រុមល្អៗ ដូចជាក្រុម Teragganu និងក្រុម BG Pathum ជាដើម តែក្រុមឥណ្ឌូនេស៊ី (​PSM Makassar) ខ្ញុំអត់សូវមានព័ត៌មានច្រើនពីក្រុមហ្នឹងទេ ប៉ុន្ដែខ្ញុំដឹងថា ក្រុមម៉ាឡេស៊ី និងថៃ សុទ្ធតែជាក្រុមល្អមែនទែន។ ក្នុងនាមកីឡាករ ខ្ញុំចូលចិត្តបែបនេះ។ យើងចូលចិត្ត Challenge និងចង់ប៉ះក្រុមល្អៗ ដើម្បីវាស់ស្ទង់សមត្ថភាពរវាងក្រុមកម្ពុជាជាមួយក្រុមបរទេស។ ជារួមគឺល្អ ដើម្បីក្លិប ដើម្បីប្រទេសជាតិយើង ដើម្បីបង្ហាញខ្លួនឲ្យល្អ និងអភិវឌ្ឍន៍កីឡាករទាំងអស់គ្នា»

គួរដឹងថា វគ្គចែកពូលពាន Shopee Cup 2024/25 គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីកំណត់តក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ ឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ការប្រកួតដំបូងរបស់ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Teragganu FC មុនគេ នៅទឹកដីនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២១ ខែសីហាខាងមុខ។ រីឯបេក្ខភាពពូល B វិញ គឺមាន ៦ក្រុមដូចគ្នា រួមមានក្រុម Buriram United (ថៃ), ក្រុម Kuala Lumpur City (ម៉ាឡេស៊ី), ក្រុម Cong An Ha Noi (វៀតណាម), ក្រុម Borneo (ឥណ្ឌូនេស៊ី), ក្រុម Kaya-Iloilo (ហ្វីលីពីន) និងក្រុម Lion City Sailors (សិង្ហបុរី)៕