(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានសម្រេចដាក់ទណ្ឌកម្មដល់ទៅ ៥ប្រទេស ដោយសារតែទង្វើអ្នកគាំទ្ររើសអើងជាតិរបស់ពួកគេ នាអំឡុងប្រកួត Euro 2024 នៅប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ស្ថាប័នលំដាប់កំពូលអឺរ៉ុបមួយនេះ បានកត់សម្គាល់ឃើញថា មានដល់ទៅ ១៧ប្រកួតឯណោះ ក្នុងចំណោម ៥១ប្រកួតសរុបនៅ Euro លើកទី១៧ បានទទួលរងនូវការគំរាមកំហែងរើសអើងជាតិសាសន៍ ដែលបង្កឡើងដោយក្រុមអ្នកគាំទ្ររបស់ពួកគេមានដូចជា ស៊ែប៊ី ក្រូអាត រ៉ូម៉ានី ស្លូវេនី អូទ្រីស ហុងគ្រី និងអាល់បានី ជាដើម។

ដែលជាលទ្ធផលប្រទេសទាំងនេះត្រូវបាន UEFA បានដាក់ទណ្ឌកម្មតាមរយៈពិន័យប្រាក់មួយចំនួន និងដាក់កំហិតមិនឱ្យលក់សំបុត្រថែមទៀតផង នៅពេលប្រកួតក្រៅដីរបស់ពួកគេ ក្នុងកម្មវិធីនានានៃក្របខណ្ឌអឺរ៉ុបនាពេលខាងមុខ។

គួរបញ្ជាក់ផងថា ទណ្ឌកម្មថ្មីនេះត្រូវដាក់ចេញជាផ្លូវការ បន្ទាប់ពី UEFA បានដាក់ពិន័យកីឡាករអេស្ប៉ាញ ២រូបគឺ Alvaro Morata និងមិត្តរួមក្រុម Rodri ក្នុងចម្រៀងអបអរសាទររបស់ពួកគេ ដែលខុសទៅនឹងក្រមសីលធម៌ស្ថាប័ន និងបានកំពុងសើរើករណីផ្សេងៗទៀតដែរ ដ្បិតព្រឹតិ្តការណ៍ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់បានបញ្ចប់ទៅហើយក្តី៕