(ភ្នំពេញ)៖ ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស (Lexus) ទើបតែបានបើកសម្ពោធអគារតាំងបង្ហាញរថយន្ត (Showroom) ហើយថ្មីៗ នៅកណ្ដាលរាជធានីភ្នំពេញ ជាមួយនឹងការប្ដេជ្ញាបំពេញតាមគ្រប់តម្រូវការរបស់អតិថិជន ដែលចង់បានបទពិសោធន៍ល្អជាមួយម៉ាករថយន្តដ៏ល្បីលំដាប់សកលលោកមួយនេះ។

សូមរំឭកថា ពិធីបើកសម្ពោធអគារបង្ហាញរថយន្តឡិចស៊ឺសនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងបង្ហាញរថយន្តរបស់ ឡិចស៊ឺស ខេមបូឌា តែម្ដង ដែលស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អគ្គនាយកឡិចស៊ឺសប្រចាំកម្ពុជា លោក Ryoji Fujita បានឱ្យដឹងថា ការរចនាអគារតាំងបង្ហាញរថយន្តឡិចស៊ឺស គឺបង្ហាញអំពីឆន្ទៈយ៉ាងមោះមុតក្នុងផ្នត់គំនិតច្នៃប្រឌិត ដោយចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ ដែលសរបញ្ជាក់ពីការស្វែងយល់យ៉ាងជាក់លាក់ពីតម្រូវការរបស់ប្រជាជនកម្ពុជា ក្នុងការចូលប្រលូកក្នុងទីផ្សារកម្ពុជានេះ។ ជាក់ស្ដែង នៅទីធ្លាខាងមុខនៃអគារតាំងបង្ហាញរថយន្តបានរចនាយកលំនាំតាមអក្សរ L នៃម៉ាកឡិចស៊ឺស ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃអគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។ នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយនឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរ ដែលជាវប្បធម៌ប្រពៃណីរបស់កម្ពុជា ការតាំងល្ខោនស្រមោលស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ រូបប្រាសាទអង្គរវត្ត និងវត្ថុសិល្បៈបុរាណខ្មែរដ៏សម្បូរបែបផ្សេងទៀត។

លោក Ryoji Fujita បានបន្តថា ចំពោះបុគ្គលិកដែលបម្រើការនៅអគារបង្ហាញរថយន្តឡិចស៊ឺសនេះវិញ គឺមានវិជ្ជាជីវៈបណ្តុះបណ្ដាលយ៉ាងត្រឹមត្រូវតាមស្តង់ដាររបស់ឡិចស៊ឺស ក្នុងការទំនាក់ទំនងជាមួយអតិថិជន ពួកគេនឹងស្វែងយល់យ៉ាងយកចិត្តទុកដាក់បំផុតជាមួយអតិថិជនគ្រប់រូប ហើយផ្ដល់ឱ្យអតិថិជនវិញនូវអ្វីដែលជាតម្រូវការរបស់អតិថិជន។ មួយវិញទៀត ប្រសិនបើអតិថិជនចង់បើកបរសាកល្បង ក៏ក្រុមការងារព្យាយាមសាកសួរពីតម្រូវការរបស់អតិថិជនថា ពួកគាត់ចង់បានបទពិសោធន៍អ្វីខ្លះ ហើយឡិចស៊ឺសនឹងផ្ដល់ឱ្យអតិថិជនវិញនូវអ្វីដែលជាតម្រូវការទាំងនោះ។

លោក Ryoji Fujita បានបង្ហើបឱ្យដឹងថា មុននឹងកសាងអគារបង្ហាញរថយន្តឡិចស៊ឺសមួយនេះ គឺក្រុមការងាររបស់ឡិចស៊ឺស ក៏បានបង្កើតវគ្គហ្វឹកហាត់ជូនដល់បុគ្គលិក ដោយតម្រូវឱ្យពួកគេចុះស្រង់មតិយោបល់ពីអតិថិជនថា ពួកគាត់ចង់បានបទពិសោធន៍ និងសេវកម្មអ្វីខ្លះ ដែលសំដៅទៅលើការរៀបចំអគារបង្ហាញរថយន្តឡិចស៊ឺសនេះឱ្យសមស្របនឹងចំណង់ចំណូលចិត្តរបស់អតិថិជន សមស្របជាមួយទីផ្សារនៅកម្ពុជា និងផ្ដល់ដំណោះស្រាយដល់អតថិជន ក៏ដូចជាអ្នកបើកបរនៅកម្ពុជា។

លោក Ryoji Fujita បន្តទៀតថា ឡិចស៊ឺសបានរៀបចំឱ្យមានអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង ដើម្បីរក្សាទំនាក់ទំនង និងបង្កើនទំនាក់ទំនងឱ្យបានល្អជាមួយអតិថិជន តាមរយៈការរៀបចំកម្មវិធីផ្សេងៗជាមួយអតិថិជន ដូចជាកម្មវិធីជប់លៀងពិសាអាហារ កម្មវិធីកម្សាន្តជាដើម ដើម្បីឱ្យទំនាក់ទំនងរវាងក្រុមការងារឡិចស៊ឺសជាមួយអតិថិជនមានភាពជិតស្និទ្ធជាប់ជានិច្ច និងធ្វើយ៉ាងណាឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ (Experience Amazing) ជាមួយឡិចស៊ឺសក្នុងការបន្តទំនាក់ទំនងយូរអង្វែងជាមួយគ្នា។

លោក Ryoji Fujita បានបន្ថែមថា ទាក់ទងនូវគោលដៅរបស់ឡិចស៊ឺសជាមួយការគិតគូរអំពីអនាគតបៃតង (A greener future) ជាការពិតណាស់ ឡិចស៊ឺសទទួលបានកេរ្តិ៍ឈ្មោះដ៏ពិសេសមួយក្នុងការចូលរួមជាចំណែកក្នុងការគិតគូរដល់បរិស្ថាន តាមរយៈការរួមបញ្ចូលគ្នារវាងប្រណីតភាពជាមួយនិរន្តរភាព តែអ្វីដែលគួរឱ្យស្ងើចសរសើរទៀតនោះ ឡិចស៊ឺសក៏បានជ្រើសរើសការប្រើប្រាស់នូវឧបករណ៍ដែលមានការសន្សំសំចៃ ក៏ដូចជាវត្ថុប្រើប្រាស់រួចហើយអាចប្រើប្រាស់ឡើងវិញបាន ដើម្បីចូលរួមក្នុងកិច្ចការពារបរិស្ថាន សូម្បីតែប្រព័ន្ធអគ្គិសនី ក៏ឡិចស៊ឺសបានរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។

* អំពីឡិចស៊ឺស
ឡិចស៊ឺសបានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិចស៊ឺសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺសបានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្ត Hybrid ឈានមុខគេ ឡិចស៊ឺសបានបង្ហាញចេញនូវរថយន្ត Hybrid ប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺសអាចលក់រថយន្តហាយ ប្រ៊ីតបានជាង២.៦៦លានគ្រឿង រួមមាន៖ រថយន្ត HEV, PHEV និង BEV។ ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ចំពោះភាពមោះមុត ភាពលេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិចស៊ឺសបានអភិវឌ្ឍរថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជនរថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិចស៊ឺសមានវត្តមានក្នុងប្រទេសនិងតំបន់ជាង៩០នៅទូទាំងពិភពលោក។ ក្រុមការងារឡិចស៊ឺសនៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុតក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើបដែលអាចស្វែងរកបានតែនៅឡិចស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ៕

ទំនាក់ទំនង៖ 017 222 733 / 017 888 727