(ក្រុងឡុងដ៍)៖ Riccardo Calafiori ជញ្ជាំងការពារដ៏រឹងមាំរបស់ជម្រើសជាតិអាសូរីអ៊ីតាលី កាលនៅ Euro 2024 បានទៅតេស្តសុខភាពនៅក្លិបអង់គ្លេស Arsenal ហើយ មុនពេលផ្ទេរចេញពីក្លិប Bologna។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ខ្សែការពារវ័យទើបតែ ២២ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ៣០ប្រកួតជាមួយ Bologna ក្នុងក្របខណ្ឌ Serie A កាលពីរដូវកាលមុន ដោយស៊ុតបាន ២គ្រាប់ និងបោះបាល់ ៥គ្រាប់ផងដែរ រួមចំណែកជួយក្រុមនេះបញ្ចប់ក្នុងតំណែងលេខ៥ មានកៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២៤-២០២៥ ទៀតផង។

លើសពីនេះទៀត Calafiori ក៏បានបង្ហាញខ្លួនទាំង ៣ប្រកួតក្នុងពូលជាមួយអ៊ីតាលីនៅ Euro 2024 ផងដែរ មុនពេលក្រុមការពារជើងឯកចាស់មួយនេះ ហាលអាវត្រឡប់មកផ្ទះ ពេលចាញ់ស្វីសក្នុងវគ្គ ១៦ក្រុម។

អតីតខ្សែការពារចេញពីយុវជនថ្នាល Roma រូបនេះ បានផ្លាស់ទៅចូលរួមជាមួយក្លិប Basel របស់ស្វីសនាឆ្នាំ២០២២ មុនពេលត្រូវបាន Bologna ទិញមកលេងនៅអ៊ីតាលីវិញនាឆ្នាំបន្ទាប់ ក្នុងតម្លៃប្រមាណ ៣.៣លានផោន៕