(ឡុងដ៏)៖ ផ្លូវការ! ខ្សែបម្រើប្រយុទ្ធស្លាប Moussa Diaby បានផ្ទេរទៅកាន់ក្លិប Al-Ittihad ពីក្លិប Aston Villa ដែលរបាយការណ៍បង្ហាញថាស្ថិតក្នុងតម្លៃ ៦៥លានដុល្លារ ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្នុងការចូលរួមលេងនៅលីគអារ៉ាប៊ីសាអូឌីត Saudi Pro League, នេះបើតាមប្រភពពី ESPN បានឱ្យដឹងនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។

កីឡាករសញ្ជាតិបារាំង Moussa Diaby មានវ័យ ២៥ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបអង់គ្លេស Aston Villa ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ បន្ទាប់ពីផ្ទេរមកពីក្លិប Bayer Laverkusen ក្នុងតម្លៃកំណត់ត្រាក្លិបប្រមាណ ៥១.៩លានផោនកាលឆ្នាំ២០២៣ នឹងបានរួមចំណែកជួយក្លិប Aston Villa មានកៅអីលេងពាន UEFA Champions League រដូវកាល២០២៤-២៥ ។

ក្នុងរដូវកាល២០២៣-២០២៤ ខ្សែបម្រើប្រយុទ្ធស្លាប Moussa Diaby បង្ហាញខ្លួនគ្រប់កម្មវិធីបាន ៥៤ប្រកួតរកបាន ១០គ្រាប់ផងដែរ និងជាកីឡាករម្នាក់លេងនៅលីគ Bundesliga ចំនួន ៤រដូវកាល ស៊ុតបានចំនួន ៤៩គ្រាប់ពីការលេង ១៧២ប្រកួត នាមជាកីឡាករយុវជនថ្នាលរបស់ Paris Saint Germain ។

តាមរយៈនេះ Moussa Diaby នឹងក្លាយជាសមាជិកមានសញ្ជាតិបារាំង ទី៣ ចូលរួមជាមួយក្លិប Al-Ittihad បន្ទាប់ពីការទៅដល់របស់កីឡាកររួមសញ្ជាតិឆ្នើមៗ ដូចជាកីឡាករ Karim Benzema និងខ្សែបម្រើ N’Golo Kante ខណៈនេះក៏ជាការរៀបចំក្រុមថ្មី ស្ថិតក្រោមដឹកនាំដោយលោក Laurent Blanc បន្ទាប់ពីបានខកចិត្តនៅការប្រកួតប្រជែងក្នុងលីគបញ្ចប់ត្រឹមលេខរៀងទី៥ រដូវកាលមុនមិនមានឱកាសសូម្បីតែលេងវគ្គជម្រុះ AFC Champions League Two group stage ៕