(បរទេស)៖ របាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រទេសវៀតណាម និងប្រទេសថៃ បានក្លាយជាទីផ្សារ E-commerce (ទីផ្សារអនឡាញ ឬ ពាណិជ្ជកម្មអេឡិចត្រូនិច) ដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយដោយ VN Express។

យោងតាមរបាយការណ៍ថ្មីមួយដែលមានឈ្មោះថា OpenGov Asia បានបង្ហាញថា ប្រទេសវៀតណាមបានយកឈ្នះប្រទេសហ្វីលីពីន និងបានក្លាយជាទីផ្សារ E-commerce ដ៏ធំបំផុតទី៣ នៅក្នុងតំបន់។ កាលពីឆ្នាំមុន ទំហំទឹកប្រាក់នៃការនាំចេញទំនិញសរុប (GMV) នៅលើ Platform E-commerce កំពូលទាំង ៨ នៅតំបន់អាស៊ីអាគ្នេយ៍បានឈានដល់ ១១៤.៦ពាន់លានដុល្លា ដោយកើនឡើងប្រមាណ ១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាមានបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចក៏ដោយ វិស័យ E-commerce នៅអាស៊ីអាគ្នេយ៍សម្រេចបានកំណើនជាបន្តបន្ទាប់ ដោយទំហំទឹកប្រាក់នៃការនាំចេញទំនិញសរុប ដែលទទួលបាននៅឆ្នាំនេះព្យាករណ៍ថា នឹងកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២០។

ប្រទេសវៀតណាម និងប្រទេសថៃបាននាំមុខគេនៅលើទំហំទឹកប្រាក់នៃការនាំចេញទំនិញសរុប នៃទីផ្សារ E-commerce ដោយវៀតណាមកើនឡើងខ្ទង់ ៥២.៩ភាគរយ និងថៃកើនឡើងខ្ទង់ ៣៤.១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារ E-commerce សម្រេចបានកំណើនជាប់លាប់ ដោយមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមចន្លោះពី ១៦ ទៅ ៣០ភាគរយ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។

នៅក្នុងតំបន់អាស៊ាន កាលពីឆ្នាំ២០២៣ កន្លងទៅ Shopee បានគ្រប់គ្រងទីផ្សារ E-commerce ជាមួយនឹងទំហំទឹកប្រាក់នៃការនាំចេញទំនិញសរុបចំនួន ៥៥.១ពាន់លានដុល្លារ ដោយដំណ្តើមបាន ៤៨ភាគរយនៃចំណែកទីផ្សារ។ ដោយឡែក TikTok Shop បានក្លាយជា Platform E-commerce ដ៏ធំបំផុតទីពីរនៅក្នុងតំបន់ បន្ទាប់ពីការទិញយក Tokopedia របស់ខ្លួន។ នៅក្នុងប្រទេសវៀតណាម TikTok Shop បានកាន់កាប់ចំណែកទីផ្សារចំនួន ២៤ភាគរយ និងបានក្លាយជា Platform E-commerce ធំទីពីរនៅទីនោះ។

គួរបញ្ជាក់ដែរថា អ្នកផលិតមាតិកា ឬ KOL បានដើរតួរយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយទីផ្សារ E-commerce ក្នុងប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ី។ របាយការណ៍ពី OpenGov Asia បានសង្កត់ធ្ងន់លើវិស័យ E-commerce របស់ប្រទេសវៀតណាមដោយរំពឹងថា នឹងកើនឡើង ២០ភាគរយជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៦។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ អាជីវកម្មវៀតណាមបានពង្រីកវិសាលភាពយ៉ាងខ្លាំងលើឆាកអន្តរជាតិ ជាមួយនឹងចំនួនផលិតផលដែលបាននាំចេញតាមរយៈ Platform E-commerce អន្តរជាតិកើនឡើង ៣០០ភាគរយហើយសហគ្រាសធុនតូច និងមធ្យមជាច្រើនសម្រេចបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ១លានដុល្លារ៕