(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov បានប្រកាសនៅដើមសប្តាហ៍នេះថា កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram គឺកើនឡើងចំនួនអ្នកប្រើប្រាស់សកម្មដល់ ៩៥០លាននាក់ហើយ ខណៈក្រុមហ៊ុនមានបំណងធ្វើឲ្យបាននូវអ្នកប្រើប្រាស់១ពាន់លាននាក់ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។

នៅក្នុងខែមីនាកន្លងទៅ Telegram មានអ្នកប្រើប្រាស់ខ្ទង់ ៩០០លាននាក់។ នៅពេលនោះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Durov បាននិយាយថា ក្រុមហ៊ុនមានបំណងប្រកាសប្រាក់ចំណេញនៅឆ្នាំក្រោយ។ កន្លងទៅគេបានដឹងថា Telegram ហាក់ដូចជាកំពុងបង្កើនល្បឿននៃការទទួលយកបច្ចេកវិទ្យា web3 នៅលើវេទិការបស់ខ្លួន ហើយឈរនៅលើភាពជោគជ័យដែលទទួលបានអ្នកប្រើប្រាស់ដ៏សម្បើមបែបនេះ ក្រុមហ៊ុន Telegram ក៏បានប្រកាសផងដែរ ពីគម្រោងដំណើរការ Store និង App Brower ផ្ទាល់ខ្លួនផងដែរ ដែលគាំទ្រសម្រាប់ បច្ចេកវិទ្យា web3 ក្នុងខែនេះ។

គួរជម្រាបថា មុននឹងមានអ្នកប្រើប្រាស់ច្រើនបែបនេះ Telegram បានព្យាយាមស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងន័យធ្វើឲ្យ App របស់ខ្លួនមានមុខងារកាន់តែច្រើនសម្បូរបែប។ ជាក់ស្តែង ក្រុមហ៊ុននេះ ធ្លាប់គាំទ្រគំនិតផ្តួចផ្តើមរូបីយប័ណ្ណ cryptocurrency និង blockchain ជាយូរមកហើយ ប៉ុន្តែការខិតខំប្រឹងប្រែងនេះបានថយចុះវិញ បន្ទាប់ពីបរាជ័យក្នុងឆ្នាំ២០១៨។ នៅខែធ្នូឆ្នាំ ២០២២ ក្រុមហ៊ុនបានចាប់ផ្តើមដាក់ដេញថ្លៃ TON blockchain ។ បន្ទាប់មក ក៏បានចាប់ផ្តើមគម្រោងផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍន៍កម្មវិធីថ្មី​ដូចជា mimi apps និង កម្មវិធី Game ជាដើមដែលប្រើរូបីយប័ណ្ណ TON blockchain។

ទោះបីជាយ៉ាណា ក៏ដោយពាក់ព័ន្ធនឹងថ្ងៃប្រកាសចេញជាផ្លូវការនូវ Store ផ្ទាល់ខ្លួន នេះ Telegram នឹងធ្វើការប្រកាសក្នុងពេលឆាប់ៗខាងមុខ៕