(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមបន្ថែម UnionPay International (UPI) ទៅក្នុងប្រព័ន្ធ​ទទួលការទូទាត់របស់ខ្លួនយ៉ាងទូលំទូលាយ។ អតិថិជនប្រើប្រាស់ UPI អាចធ្វើប្រតិបត្តិការទូទាត់របស់ខ្លួនបានយ៉ាងងាយស្រួលនៅតាមម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនឆូតប័ណ្ណទូទាំងប្រទេសរបស់ធនាគារ ស្ថាបនា​ ដែលជួយឱ្យអាជីវករអនឡាញអាចបង្កើនការលក់តាមរយៈការបន្ថែមនូវវិធីបង់ប្រាក់មួយនេះ។ កិច្ចសហការនេះនឹងពង្រីកលទ្ធភាពជូនភ្ញៀវអន្តរជាតិគ្រប់ទិសទីឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់។

អ្វីកាន់តែពិសេសនោះឥឡូវនេះម្ចាស់ប័ណ្ណ UPI អាចដកសាច់ប្រាក់​ដោយផ្ទាល់​តាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ស្ថាបនា ដោយមិនចាំបាច់ធ្វើការប្តូររូបិយប័ណ្ណជាមុនឡើយ។ សម្រាប់ម្ចាស់អាជីវកម្ម សេវាកម្មថ្មីនេះអាចពង្រីកសមត្ថភាពទទួលយកការទូទាត់ពីម្ចាស់ប័ណ្ណ UPI ទាំងអស់ និងពីអ្នកប្រើប្រាស់កម្មវិធីតាមរយៈម៉ាស៊ីនឆូតប័ណ្ណស្ថាបនា ឬ ប្រព័ន្ធទូទាត់ (Gateway)។ នេះគឺជាការផ្តល់នូវបទពិសោធន៍ទូទាត់កាន់តែងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់UPI និងអាជីវករ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា គោលដៅចម្បងរបស់ធនាគារ ស្ថាបនា គឺលើកកម្ពស់ និងជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ ក៏ដូចជាការពន្លឿនលើការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនម្ចាស់អាជីវកម្មនូវដំណោះស្រាយទូទាត់​ដែលមានភាពទាក់ទាញសម្រាប់ទូទាត់ភ្ញៀវអន្តរជាតិ ធ្វើការទូទាត់ទិញទំនិញបានយ៉ាងងាយស្រួលដូចនៅក្នុងប្រទេសរបស់ពួកគេ ជាពិសេសជួយបង្កើនការលក់ដល់ម្ចាស់អាជីវកម្មផងដែរ។ ធនាគារ ស្ថាបនា ជឿជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា​នឹងផ្តល់ភាពស្មើគ្នា​​ដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច មធ្យម និងអាជីវកម្មធំៗកាន់តែរីកចម្រើន។ ការបន្ថែម UPI ចូលកាន់ប្រព័ន្ធទូទាត់នឹងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម និងដៃគូពាណិជ្ជកម្មទាំងអស់របស់យើង។

សូមបញ្ជាក់ផងដែរថា សេវាកម្មនេះគឺមិនត្រឹមតែផ្តល់នូវជម្រើសទូទាត់ប្រាក់ងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងពាណិជ្ជករ ជាពិសេសអ្នកដែលនៅ​ក្នុងឧស្សាហកម្មសេវាកម្ម និងបដិសណ្ឋារកិច្ច ដូចជាកន្លែងស្នាក់នៅ អាហារ ការដឹកជញ្ជូន និងការធ្វើដំណើរ។ វិស័យទាំងនេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​ប្រកបដោយចីរភាព​សម្រាប់កម្ពុជា។ លើសពីនេះ វត្តមានប័ណ្ណ UPI នឹងជួយសម្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា តាមរយៈការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់យ៉ាងរហ័ស និងងាយស្រួលដើម្បីទទួលបាននូវដំណើរកម្សាន្តដ៏រីករាយ។

សូមបញ្ជាក់ថាធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០ នាក់។ មានបណ្តាញសាខា​យ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខា ១៧៥សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា ពានរង្វាន់ First Launch in Market 2023 ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone។
ក្នុងឆ្នាំជាមួយគ្នានោះដែរ ​ធនាគារ ស្ថាបនា ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលទទួលបានពានរង្វាន់ឆ្នើមចំនួន៤ ពី VISA ដូចជា Champion In Innovation 2023 សម្រាប់ការផ្តល់ជូននូវមុខងារ Tap on Phone ដែលជាដំណោះស្រាយទូទាត់ប្រកបដោយភាពងាយស្រួល Leadership In Active Net New Merchant Onboarded 2023 លើការឈានមុខគេក្នុងការពង្រីកទំនាក់ទំនងជាមួយអាជីវករ និងពង្រឹងអាជីវកម្មអនឡាញកាន់តែច្រើន Leadership In Total Active Terminal 2023 លើការឈានមុខគេក្នុងការប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណនៅលើទីផ្សារ និង Leadership In Ecommerce Merchant Sales Volume 2023 លើការឈានមុខគេនៃការកើន ឡើងរបស់សេវាកម្ម e-commerce និងការលើកម្ពស់សេដ្ឋកិច្ចបែបឌីជីថលនៅកម្ពុជា។

ក្នុងឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន៕