(ភ្នំពេញ)៖ ធនាគារ ABA បានបញ្ជាក់ជាថ្មីចំពោះកិច្ចខិតខំប្រឹងប្រែងឥតរាករេ ទៅលើការងារមនុស្សធម៌នៅកម្ពុជា ដោយបានប្រកាសឧបត្ថម្ភថវិការសប្បុរសធម៌ដំណាក់កាលទី២ ចំនួន ១០០,០០០ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «សមាគម TYDA»

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងឆ្នាំ២០២៣ ដែល ABA យល់ព្រមឧបត្ថម្ភថវិការសរុបចំនួន ៣០០,០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣-២០២៥ បង្ហាញពីគោលជំហររបស់ខ្លួនយ៉ាងមុតមាំក្នុងការប្តេជ្ញាចិត្ត បន្ត​គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សមាគមTYDA ក្នុងការផ្តល់សេវាព្យាបាលជំងឺ និងថែទាំសុខភាពដោយឥតគិតថ្លៃ ដល់សហគមន៍ទូទាំងប្រទេស។

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ជំនួបផ្លូវការត្រូវបានរៀបចំឡើងដោយចូលរួមជាអធិបតីពី លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម TYDA និង លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ព្រមទាំងក្រុមការងាររបស់ ABA និង TYDA ផងដែរ។

លោក Askhat Azhikhanov បានថ្លែងថា «យើងខ្ញុំមានសេចក្តីរីករាយដែលសមាគម TYDA តែងតែអញ្ជើញបុគ្គលិក ABA ចូលរួមបេសកម្មនានា ដែលផ្តល់ឱកាសដល់ពួកគេក្នុងការស្ម័គ្រចិត្តចូលរួមជួយប្រជាជនដោយផ្ទាល់ និងទទួលបានបទពិសោធន៍ល្អៗ។ ការគាំទ្រដល់អង្គការសប្បុរសធម៌ដូច សមាគម TYDA គឺស្របទៅតាមគុណតម្លៃរបស់យើងខ្ញុំ ដែលពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅកាន់សុខាមាលភាពដ៏ប្រសើរឡើង»

លោក Askhat Azhikhanov បានបន្ថែមថា «ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំ យើងខ្ញុំបានចុះហត្ថលេខាអនុស្សរណៈយោគយល់ បន្តការគាំទ្ររបស់ធនាគារ ចំនួន ១០០,០០០ដុល្លារអាមេរិកបន្ថែមជារៀងរាល់ឆ្នាំ រយៈពេល ៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣។ ជំនួបថ្ងៃនេះ គឺជាឆ្នាំទី២ នៃការឧបត្ថម្ភគាំទ្ររបស់យើងខ្ញុំ ជាមួយថវិកាចំនួន ១០០,០០០ ដុល្លារអាមេរិក»

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម TYDA ក៏បានបន្ថែមទៀតថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារ ABA សម្រាប់ការឧបត្ថម្ភថវិការយ៉ាងសប្បុរសធម៌ ដែលអនុញ្ញាតឲ្យយើងខ្ញុំបន្តផ្តល់ការពិនិត្យសុខភាព និងព្យាបាលជំងឺដល់ប្រជាជនកម្ពុជាជាច្រើននាក់។ យើងខ្ញុំ ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលការគាំទ្ររបស់ ABA លើបេសកម្មរបស់ TYDA និងក៏សូមអរគុណទៅដល់ក្រុមការងារ ABA ដែលតែងតែចូលរួមយ៉ាងស្វះស្វែងក្នុងកម្មពិធីពួកយើង។

ធនាគារ ABA ធ្លាប់បានគាំទ្រយុទ្ធនាការ ចុះពិនិត្យសុខភាព និងព្យាបាលជំងឺ និងការងារមនុស្សធម៌ផ្សេងៗ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំក្រោយនេះ ដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងប្រទេសទាំងមូល។ ជាមួយគ្នានេះ ធនាគារ ABA និងសមាគម TYDA មានបំណងចង់ពង្រឹងអនាគតមួយដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា ដោយធានាបាននូវសេវាថែទាំសុខភាពដែលចាំបាច់សម្រាប់ប្រជាជនគ្រប់រូប៕