(ភ្នំពេញ)៖ ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅនិវាសនដ្ឋានរបស់ខ្លួន នាទីក្រុងប៉ារីស មុនចូលរួមការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

ពិធីទទួលស្វាគមន៍ប្រតិភូកីឡាកម្ពុជានេះ មានការអញ្ជើញចូលរួមផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូកីឡាកម្ពុជា ខណៈលោកឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក នាល្ងាចនេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បន្ទាប់ពីទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដ៏កក់ក្ដៅខាងលើ លោក លុយ ដាវីត ក៏បានរៀបចំនូវអាហារសាមគ្គី ក្នុងនាមមហាគ្រួសារខ្មែរ ដោយមានការចូលរួមពីមន្ដ្រីទូត និងបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ប្រកបដោយភាពសប្បាយរីករាយ ដែលជាការផ្ដល់នូវកម្លាំងចិត្តដ៏សំខាន់ដល់កីឡាករ-កីឡាការិនីកម្ពុជាឲ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការប្រកួតកម្រិតកីឡាអូឡាំពិកនាពេលឆាប់ៗខាងមុខផងដែរ។

គួរដឹងថា កីឡាអូឡាំពិកឆ្នាំនេះ កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប ចូលរួមប្រកួត ក្រោយទទួលបានសិទ្ធអនុគ្រោះ និងជ្រើសរើសយ៉ាងល្អិតល្អន់ពីអន្ដរជាតិ រួមមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែល ២រូប គឺកីឡាករ កូសុង ដឺ ឡាប រ៉ារ៉ង ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា។ ក្នុងចំណោមអ្នកទាំងបី មាន ២នាក់ នឹងត្រូវកាន់ទង់ជាតិកម្ពុជា ក្នុងក្បួនដង្ហែទូកអបអរពិធីបើកការប្រកួតតាមដងទន្លេសែន នាល្ងាចនេះ គឺកីឡាករ ឈុន ប៊ុនថន និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា។

សម្រាប់ពិធីបើកការប្រកួតកីឡាអូឡាំពិកល្ងាចនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលត្រូវរៀបចំក្រៅសាលលើកដំបូង ពោលគឺនឹងរៀបចំនៅតាមដងទន្លេសែន នាទីក្រុងប៉ារីស ជាមួយក្បួនដង្ហែទូកប្រមាណ ៨៥គ្រឿង។ ក្នុងនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមអបអរសាទរពិធីបើកនេះ។ រីឯលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ត្រូវបានអញ្ជើញជាភ្ញៀវពិសេសតំណាងចលនាអូឡាំពិកកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្ដងនេះផងដែរ៕