(បរទេស)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានបង្ហាញគណនី TikTok ផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយគូសបញ្ជាក់ពីសារៈសំខាន់របស់កម្មវិធីវីដេអូខ្លីៗមួយនេះ ចំពោះយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤នេះ ហើយថាកម្មវិធីនេះជាមធ្យោបាយមួយ ដើម្បីជួយឲ្យលោកស្រីបង្កើនប្រជាប្រិយភាពកាន់តែខ្លាំងទៅកាន់ម្ចាស់សន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងវីដេអូ TikTok ខ្លីដំបូងលោកស្រី Kamala Harris បានរៀបរាប់ពីមូលហេតុដែលនាំឲ្យលោកស្រីចូលរួមប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះ ដោយនិយាយថា «បានឮថាថ្មីៗនេះខ្ញុំមាននៅលើទំព័រ For You ដូច្នេះខ្ញុំគិតថា ខ្ញុំនឹងមកទីនេះដោយខ្លួនឯង»។ អនុប្រធានាធិបតី​រូប​នេះ ​បាន​សំដៅ​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ទូលំទូលាយ ​ដែល​លោកស្រី​បាន​ប្រកាស​ក្នុង​យុទ្ធនាការ​ជ្រើសរើស​ប្រធានាធិបតី ​ដែល​បាន​ប្រមូល​ផ្ដុំ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា TikTok។ ជាឧទាហរណ៍ អ្នកប្រើប្រាស់ TikTok ជាច្រើនបានបង្កើតវីដេអូកំប្លែងជាច្រើន រួមទាំងឈុតខ្លីៗពីនិន្នាការរដូវក្តៅឈ្មោះថា «Brat» របស់ Charli XCX ដែលបង្ហាញពីលោកស្រី Kamala Harris ផ្ទាល់ ក្នុងន័យអបអរសាទរការឡើងតំណែងរបស់លោកស្រីក្នុងនាមជាបេក្ខជនប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោក Joe Biden លាលែងពីតំណែកនាពេលថ្មីៗនេះ។

គួរជម្រាបថា លោកស្រី Kamala Harris ត្រូវបានគេមើលឃើញថា បានទទួលយកការប្រើប្រាស់កម្មវិធី TikTok យ៉ាងឆាប់រហ័សខុសពីលោក Joe Biden។ កន្លងទៅ គេក៏ឃើញមានគូប្រជែករបស់លោកស្រី Kamala Harris គឺលោក Donald Trump ចូលប្រើប្រាស់កម្មវិធីនេះផងដែរ ខណៈការសម្រេចចិត្តចូលរួមប្រើប្រាស់វេទិកានេះ ត្រូវបានគេមើលឃើញថា អាចជួយរូបលោក ចាប់យកបេះដូងអ្នកបោះឆ្នោតវ័យក្មេង ជាពិសេសពីសំណាក់យុវវ័យដែលប្រើប្រាស់កម្មវិធីនេះ ត្បិតការបោះឆ្នោតកាន់តែខិតចូលមកដល់៕