(ភ្នំពេញ)៖​ ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសហការណ៍ជាមួយវិទ្យាស្ថានបច្ចេកទេសកម្ពុជា (ITC)​ ដើម្បីរៀបចំនូវកម្មវិធីសិក្ខាសាលា Camel Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិល។​

សិក្ខាសាលានេះត្រុវបានរៀបចំនាព្រឹកថ្ងៃទី១៧​ ខែ​កក្តដា ឆ្នាំ២០២៤ ដោយមានការចូលរួមក្រោមអធិបតីភាព Dr. Sajith EDIRISURIYA នាយកផ្នែកពាណិជ្ជកម្មមកពីក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន, លោកសាស្ត្រាចារ្យបណ្ឌិត ហាន វីរៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសំណង់ស៊ីវិលនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា​, លោក លី ហាវ ប្រធានព្រឹទ្ធបុរស មហាវិទ្យាល័យ វិស្វកម្មស៊ីវិល, ​លោកស្រី កែវ​ រ៉ាឌី នាយកផ្នែកធនធានមនុស្សមកពី ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន និងសាស្រ្តាចារ្យ បុគ្គលិកក្រុមហ៊ុន និងនិស្សិតនៃវិទ្យាស្ថាន ITC ជាច្រើននាក់ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន កាលពីពេលថ្មីៗនេះ បានសហការជាមួយវិទ្យាស្ថាន និងសកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសកម្ពុជាចំនួន​៥ ដើម្បីរៀបចំនូវកម្មវិធីសិក្ខាសាលាពិសេសមួយមានឈ្មោះថា CAMEL’s Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិល ដែលអនុញ្ញាតឱ្យនិស្សិត​ចូលសិក្សាដោយឥតគិតថ្លៃ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកទេសប្រើប្រាស់ស៊ីម៉ងត៍ រូបមន្តការគណនានៃការលាយស៊ីម៉ងត៍ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយនិរ​ន្តភាព រួមទាំងស្វែងយល់ពីច្រវាក់ផលិតកម្មដ៏ទំនើបស្តង់ដារកម្រិតពិភពលោករបស់កូនខ្មែរ នៅរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន។

ថ្លែងក្នុងកម្មវិធីលោកនាយកពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បង្ហាញពីមូលហេតុចម្បងៗ​ចំនួន៣ធំៗ ដែលជំរុញឱ្យក្រុមហ៊ុនសហការបើកកម្មវិធីសិក្ខាសាលា​នេះឡើងថា
ទី១. គឺនិស្សិតដែលចូលរួមនឹងទទួលបាននូវការចែករំលែកចំណេះដឹង ជាទ្រឹស្ដី បទពិសោធន៍ជាក់ស្ដែងពីអ្នកជំនាញជាន់ខ្ពស់ប្រចាំក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ជាពិសេសបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សាលើជំនាញវិស្វករសំណង់ស៊ីវិលនេះ ពួកគាត់អាចនឹងរៀបចំខ្លួនបានកាន់តែប្រសើរសម្រាប់ទីផ្សារអនាគតរបស់ខ្លួន។ ទី២. កិច្ចសហការដ៏ល្អរវាងសាកលវិទ្យាល័យ និងនិស្សិតនៃមហាវិទ្យាល័យវិស្វករសំណង់ស៊ីវិល ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នាពេលនេះ បានបញ្ជាក់កាន់តែច្បាស់ដល់និស្សិតដែលចូលរួមថា ពួកគាត់នឹងក្លាយជាវិស្វករនាពេលអនាគត ហេតុដូច្នេះត្រូវតែភ្ជាប់ខ្លួនស្វែងយល់អំពីនិន្នាការថ្មីៗនៃឧស្សាហកម្មសំណង់ និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មនេះជាចាំបាច់។ ទី៣. និស្សិតដែលចូលរួម សិក្ខាសិលា CAMEL’s Future Engineer Program នឹងស្វែងយល់កាន់តែច្បាស់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន មិនត្រឹមតែកំពុងរួមចំណែកលើការអភិវឌ្ឍន៍វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតែប៉ុណ្ណោះទេ តែគឺជាកាចូលរួមរអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ។

លោកសាស្ត្រាចារ្យបណ្ឌិត ហាន វីរៈ បានលើកឡើងថា និស្សិតអាចទទួលបានការសិក្សាស្វែងយល់ស៊ីជម្រៅបន្ថែមទៀត លើសពីទ្រឹស្តីដែលធ្លាប់តែរៀននៅក្នុងសាលា តាមរយៈកម្មវិធីសិក្ខាសាលា​ CAMEL’s Future Engineer Program ដែលបានផ្តល់គុណប្រយោជន៍បន្ថែមនេះទៅដល់និស្សិតដោយផ្ទាល់។​ លោកសាស្ត្រាចារ្យក៏បានមានមាតិបន្ថែមចំណាប់អារម្មណ៍ទៅលើការគិតគូរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី លើបញ្ហាបរិស្ថាន តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក​ ទាបប់ំផុត ដោយប្រើប្រាស់ថាមពលករកើតឡើងវិញ ដែលសកម្មភាពនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលដល់បរិស្ថានពិភពលោកមួយកម្រិតទៀត។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន មិនមែនទើបតែរៀបចំកម្មវិធីសិក្ខាសាលា CAMEL’s Future Engineer Program នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះប៉ុណ្ណោះទេ កន្លងមក ក្រុមហ៊ុនក៏បានធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗទៅដល់និស្សិតដែលកំពុងរៀនជំនាញវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកវិទ្យាព្រះកុសុមៈ និងតាមវិទ្យាស្ថានជំនាញវិស្វកម្មផ្សេងៗជាច្រើនទៀតរួចមកហើយ។ នាថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៩ ខែសីហាឆ្នាំ២០២៤ ក្រុមហ៊ុននឹងបន្តរៀបចំសិក្ខាសាលា CAMEL’s Future Engineer Program ដ៏មានសារៈសំខាន់ និងអនុញ្ញាតឱ្យនិស្សិតចូលរួមឥតគិតថ្លៃនៅទីតាំងសកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកយ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ជានិរន្តរ៍៕