(បរទេស)៖ សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី លោក Alexander Khinshtein បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកប្រើប្រាស់ YouTube នៅលើកុំព្យូទ័រលើតុ (desktop) នៅក្នុងប្រទេសរុស្ស៊ីប្រឈមមុខនឹងការថយចុះប្រហែល ៤០ភាគរយក្នុងសប្តាហ៍នេះ និងរហូតដល់ ៧០ភាគរយនៅសប្តាហ៍បន្ទាប់។ វិធានការ​នេះ ​គឺ​ជា​ផ្នែក​មួយដើម្បី​ដាក់​សម្ពាធ​លើ YouTube ឱ្យ​ស្ដារ​ channel ​រុស្ស៊ី​ដែល​បាន​បិទ​ឡើង​វិញ និង​គោរព​តាម​បទប្បញ្ញត្តិ​របស់​រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

លោក Alexander Khinshtein ប្រធានគណៈកម្មាធិការគោលនយោបាយ ព័ត៌មានរដ្ឋឌូម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់នេះមិនមែនសំដៅលើការដាក់ទណ្ឌកម្មអ្នកប្រើប្រាស់រុស្ស៊ីនោះទេ ប៉ុន្តែផ្ទុយទៅវិញជាយុទ្ធសាស្រ្តប្រឆាំងនឹងរដ្ឋបាលរបស់ YouTube ដែលរដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់ថាមិនអើពើនឹងច្បាប់ក្នុងស្រុក។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងការមិនយកចិត្តទុកដាក់របស់ YouTube សម្រាប់ច្បាប់រុស្ស៊ី និងការបរាជ័យរបស់ខ្លួនក្នុងការស្តារបណ្តាញរុស្ស៊ីដែលត្រូវបានរារាំងឡើងវិញ។

លោក Khinshtein បានព្រមានថា ប្រសិនបើ YouTube មិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទេ កុំរំពឹងថាមានអ្វីល្អនៅក្នុងប្រទេសរុស្ស៊ី។ ភាពតានតឹង ដែលកំពុងបន្តរបស់វិមានក្រឹមឡាំងជាមួយ Google ដែលជាក្រុមហ៊ុនមេរបស់ YouTube ត្រូវបានចាក់ឫសចេញពីការដកចេញនូវខ្លឹមសារដែលផ្ទុយនឹងការនិទានរឿងរបស់រដ្ឋាភិបាល ជាពិសេសទាក់ទងនឹងជម្លោះអ៊ុយក្រែន៕