(បរទេស)៖ យោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន CrowdStrike បានឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា ជាង ៩៧% នៃឧបករណ៍ចាប់សញ្ញានៅលើ Windows បានត្រលប់មកអនឡាញធម្មតាវិញ បន្ទាប់ពីការអាប់ដេតកម្មវិធីដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយនេះ បានបង្កឱ្យមានបញ្ហាគាំងនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ឧបករណ៍ចាប់សញ្ញារបស់ក្រុមហ៊ុន CrowdStrike មានឈ្មោះថា Falcon គឺជាភ្នាក់ងារសុវត្ថិភាពដែលបានដំឡើងនៅលើឧបករណ៍ ដូចជាកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលការពារបានទាន់ពេលវេលារាល់ការគំរាមកំហែងតាមអ៊ីនធឺណេត។ បញ្ហាបច្ចេកវិទ្យាដែលបានកើតឡើងនាពេលថ្មីៗនេះ គឺដោយសារតែការអាប់ដេតកម្មវិធី ធ្វើឲ្យមានកំហុសដែលបង្ខំឱ្យកុំព្យូទ័រដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ជាប់គាំងដោយបង្ហាញផ្ទៃអេក្រង់ពណ៌ខៀវតែម្តង។

ក្រុមហ៊ុន Microsoft បាននិយាយកាលពីសប្តាហ៍មុនថាឧបករណ៍ Windows ប្រហែល ៨.៥លានគ្រឿងបានរងផលប៉ះពាល់ដោយសារបញ្ហាខាងលើ ដែលធ្វើឱ្យជើងហោះហើរជាច្រើនត្រូវបានផ្អាក និងប៉ះពាល់ដល់វិស័យធនាគារ សេវាថែទាំសុខភាព និងវិស័យធំៗជាដើម។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ ទាំងក្រុមហ៊ុន CrowdStrike និង Microsoft ហាក់កំពុងប្រឈមនឹងបញ្ហាក្តីក្តាំង ជុំវិញបញ្ហាកើតឡើងនេះ ខណៈម៉ាឡេស៊ី ស្នើឱ្យក្រុមហ៊ុនធំៗពីរ ពិចារណាផ្តល់សំណងលើការខាតបង់ ដែលបណ្តាលមកពីការដាច់ប្រព័ន្ធបច្ចេកវិទ្យានេះ៕