(ម៉ូស្គូ)៖ តុលាការកីឡាអន្តរជាតិ CAS បានច្រានចោលបណ្តឹងរបស់ប្រទេសរុស្ស៊ី ដែលបានប្តឹងឧទ្ធរណ៍ជុំវិញការដកមេដាយមាស ផ្នែកកីឡាជិះស្គី នៃកីឡាការិនី Kamila Valieva ដែលបានជាប់ពាក់ព័ន្ធនឹងសារធាតុញៀននាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាការិនីជិះស្គីលើទឹកកក Kamila Valieva វ័យត្រឹមតែ ១៥ឆ្នាំបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន មុនពេលត្រូវបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃសារធាតុប៉ូវកម្លាំងនៅឆ្នាំបន្ទាប់។

តាមរយៈលទ្ធផលនេះដែរ នាំឱ្យសហព័ន្ធកីឡាជិះស្គីអន្តរជាតិ (ISU) សម្រេចដកមេដាយមាស និងផ្តល់ត្រឹមមេដាយសំរឹទ្ធវិញ រួមទាំងដកបញ្ឈរជើង ៤ឆ្នាំផងដែរ នៅពេលនាងឈានចូលដល់វ័យ ១៨ឆ្នាំ។

ការសម្រេចនេះដែរបានធ្វើឱ្យរុស្ស៊ីមានការខឹងសម្បារ រហូតដាក់ពាក្យប្តឹង CAS ថែមទៀត នៅពេលមេដាយមាស ត្រូវបានប្រគល់ឱ្យអត្តពលិកសហរដ្ឋអាមេរិក គ្រាដែលមេដាយប្រាក់ បានផ្តល់ឱ្យជប៉ុនជំនួសវិញនោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ CAS បានបញ្ជាក់ថា «យោងតាមសវនការចុងក្រោយនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ទៅលើករណីរបស់កញ្ញា Valieva ក្នុងការដកមេដាយអូឡាំពិកនោះ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងអាចទទួលយកបាន» ស្របពេលគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី (ROC) បានចាត់ទុកថា ជារឿងដ៏គួរឱ្យខកចិត្តបំផុត និងកំពុងពិចារណាការចូលរួមកម្មវិធីផ្សេងៗជាលក្ខណៈអន្តរជាតិទៀតដែរ៕