(ប៉ារីស)៖ វាជាលើកដំបូង ក្នុងរយៈពេល ១០០ឆ្នាំ ដែលរដ្ឋធានី Paris របស់ប្រទេសបារាំង ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នេះ។

បើយោងតាមការចញផ្សាយដោយគេហទព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ក្នុងពិធីបើកសម្ពោធជាផ្លូវការនៅរាត្រីថ្ងៃសុក្រ ទី២៦ ខែកក្កដានេះ នឹងមានក្បួនទូកដឹកថ្នាក់ដឹកនាំ និងអត្តពលិកដែលធ្វើដំណើរលើផ្ទៃទន្លេ Siene ក្នុងរយៈចម្ងាយ ៦គីឡូម៉ែត្រ ជាមួយនឹងអ្នកទស្សនាផ្ទាល់ដែលត្រូវបានគេប៉ាន់ប្រមាណថា មានដល់ទៅ ៣០០,០០០នាក់ឯណោះ។

ជាមួយនឹងការព្យាករណ៍ថាមានអ្នកគាំទ្ររាប់លាននាក់មកចូលរួមកម្មវិធី ៤ឆ្នាំម្តងនេះ Paris ត្រូវបានកំណត់ថា ជាទីតាំងចាប់ផ្តើម និងបញ្ចប់ព្រឹត្តិការណ៍កីឡាចម្រុះ ជំនាន់ទី៣៣ ជាមួយអត្តពលិកសរុបមានប្រុស ៥២៥០នាក់ និងស្រី ៥២៥០នាក់ដូចគ្នា ចូលរួមប្រកួតប្រជែងមេដាយ។

កាលពីដើមសប្តាហ៍នេះ លោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងថា «បារាំង បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់ផ្តើម Paris Games 2024»។

លោកបានបញ្ជាក់ថា កងកម្លាំងប៉ូលីស ទាហាន និងអង្គរក្សប្រមាណ ៥,០០០នាក់ត្រូវបានដាក់ពង្រាយជាមួយនឹងទឹកប្រាក់ប៉ាន់ប្រមាណ ៩ពាន់លានអឺរ៉ូត្រូវបានចំណាយ ដើម្បីរៀបចំ ដ្បិតគណៈកម្មាធិការបានប្តេជ្ញាចិត្តធ្វើឱ្យល្អដាច់គេ និងជាប្រវត្តិសាស្រ្តទៀតផង។

គួរបញ្ជាក់ផងថា កម្មវិធីបើកព្រឹត្តិការណ៍ Paris Games 2024 នឹងប្រារព្ធធ្វើឡើងក្រោមរយៈពេល ៤ម៉ោង ពោលចាប់ពីម៉ោង ១៩៖៣០នាទីយប់ (ម៉ោងនៅបារាំង) ក្រោយពេលប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២៤ ខែកក្កដាមកម្ល៉េះមានដូចជា កីឡាបាល់គប់ កីឡាបាញ់ធ្នូ និងប្រភេទកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរស និងនារីជាដើម៕