(បរទេស)៖ ទិន្នន័យថ្មីពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារស្មាតហ្វូន Canalys បានបង្ហាញថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះចំនួន ៦.៧ភាគរយ នៅក្នុងត្រីមាសទី២​ ឆ្នាំ២០២៤។ មូលហេតុនៃការធ្លាក់ចុះខ្លាំងបែបបនេះ គឺដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីគូប្រជែងក្នុងស្រុក Huawei។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពី Canalys ការនាំចេញរបស់ Apple បានធ្លាក់ចុះមកនៅត្រឹម ៩.៧ លានគ្រឿង ពោលគឺធ្លាក់ចុះពី ១០.៤ លានគ្រឿងក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ បានបណ្តាលឱ្យមានការថយចុះនៃចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple ពី ១៦ភាគរយ ទៅ ១៤ភាគរយ ដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចុះពីចំណាត់ថ្នាក់ទី៣ មកលេខ ៦ នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន។

ផ្ទុយស្រឡះពីក្រុមហ៊ុន Huawei បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការនាំចេញស្មាតហ្វូនរបស់ខ្លួន ដែលបានកើនឡើង ៤១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ១០.៦ លានគ្រឿង។ កំណើននេះ ត្រូវបានសន្មតថាជាជោគជ័យនៃការចេញលក់ស៊េរី Pura 70 ស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ក្នុងខែមេសា ឆ្នាំ ២០២៤។ សរុបមក ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនបានកើនឡើង ១០ភាគរយ ក្នុងអំឡុងពេលនេះ ដោយ Vivo នាំមុខទីផ្សារក្នុងចំណែក ១៩ភាគរយ បន្ទាប់មក Oppo, Honor, និង Huawei ដែលម្នាក់ៗកាន់កាប់ចន្លោះពី ១៥ ទៅ ១៦ភាគរយ។

គួរជម្រាបដែរថា កិច្ចខិតខំប្រឹងប្រែងរបស់ Apple ដើម្បីទទួលបានការទាក់ទាញទីផ្សារឡើងវិញ រួមមានយុទ្ធសាស្រ្តបញ្ចុះតម្លៃយ៉ាងខ្លាំងក្លា ជាមួយនឹងការកាត់បន្ថយតម្លៃរហូតដល់ ២,៣០០ យន់ (ប្រហែល ៣១៨.៨៤ដុល្លារ) លើម៉ូដែល iPhone មួយចំនួន។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ក្រុមហ៊ុន Apple នៅតែបន្តប្រឈមមុខនឹងបញ្ហានៅក្នុងទីផ្សារប្រទេសចិន ដែលទីផ្សារធំទីបីរបស់ខ្លួននៅទូទាំងពិភពលោក។ អ្នកវិភាគបានព្យាករណ៍ថា ដំណើរការដ៏រឹងមាំរបស់ក្រុមហ៊ុន Huawei នឹងបន្តពេញមួយឆ្នាំ ដោយអាចដាក់ឱ្យវាក្លាយជាអ្នកលក់ស្មាតហ្វូនកំពូលនៅក្នុងប្រទេសចិន ជាមួយនឹងចំណែកទីផ្សារដែលរំពឹងទុកនឹងកើនឡើងដល់ ១៩ភាគរយឯណោះ៕