(ប៉ារីស)៖ លោកស្រី Beverty Priestman ដែលបានដឹកនាំក្រុមបាល់ទាត់ស្រ្តីកាណាដា ឈ្នះមេដាយមាសកាលនៅ Tokyo 2020 ត្រូវបានលុបឈ្មោះចេញពី Paris Game 2024 ក្រោយរកឃើញថាបានជាប់ពាក់ព័ន្ធនឹងការបង្ហោះដ្រូន ស៊ើបការគូប្រកួតកន្លងមក។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា សហព័ន្ធបាល់ទាត់កាណាដា បានឈានដល់ការដកបញ្ឈរជើង Priesman ក្រោយការស៊ើបអង្កេតអស់រយៈពេល ២៤ម៉ោងរួចមក បន្ទាប់ពីត្រូវបានគេរាយការណ៍ថា មានដ្រូនមួយបានហោះហើរនៅលើទីលានហ្វឹកហាត់របស់ក្រុមណូវែលហ្សេឡង់កាលថ្ងៃចន្ទដើមសប្តាហ៍នេះ។

ជាមួយគ្នានោះលោក Kevin Blue ប្រធាននាយកប្រតិបត្តិសហព័ន្ធបាល់ទាត់កាណាដា ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា «Priesman នឹងបន្តទទួលទណ្ឌកម្មថែមទៀតដែរ ក្រោយចប់ Paris 2024»

ជំនួយការ Andy Spence នឹងចូលដឹកនាំជំនួស ដោយប្រកួតបន្ទាប់របស់កាណាដា ត្រូវប៉ះម្ចាស់ផ្ទះបារាំងនៅរាត្រីថ្ងៃអាទិត្យ ដោយ Priesman ក៏បានចេញមកបញ្ជាក់ពីការទទួលខុសត្រូវចំពោះរឿងនេះដែរ។

ជាមួយគ្នានោះកាលពីថ្ងៃពុធកន្លងទៅ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏បានដំណើរការនីតិវិធី ដើម្បីប្រឆាំងទៅនឹងគ្រូបង្វឹកសញ្ជាតិអង់គ្លេស វ័យ ៣៨ឆ្នាំ Priesman រួមទាំងសហការី Lombardi និង Mander ទៀតផង៕