(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton បានចុះកិច្ចសន្យាជាមួយនឹងខ្សែបម្រើ Jesper Lindstrom មកពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសផ្លាស់ទៅលេងជាអចិន្ត្រៃយ៍ ក្នុងឆ្នាំ២០២៥ ទៀតដែរ។ នេះបើយោងតាមក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

ស្របពេលដែលព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញ ដោយក្លិបណាមួយនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានបញ្ជាក់ថា Everton បានចំណាយឲ្យក្លិប Napoli ប្រមាណ ៣លានអឺរ៉ូ (៣.២៦លានដុល្លារ) និងបានព្រមព្រៀងតម្លៃ ២២.៥លានអឺរ៉ូ សម្រាប់ជម្រើសទិញដាច់កីឡាករវ័យ ២៤ឆ្នាំរូបនេះ។

កីឡាករអន្តរជាតិដាណឺម៉ាករូបនេះ បានចូលរួមជាមួយ Napoli ដោយផ្ទេរមកពីក្លិប Eintracht Frankfurt ដែលលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga ក្នុងឆ្នាំ២០២៣ និងបានបង្ហាញខ្លួន ២៩លើក សម្រាប់ក្លិបអ៊ីតាលីរដូវកាលមុន។

Everton ក៏បានចុះកិច្ចសន្យាជាមួយនឹងខ្សែប្រយុទ្ធ Iliman Ndiaye មកពីក្លិប Olympique de Marseille លេងនៅលីគបារាំង Ligue 1 លើកិច្ចសន្យា ៥ឆ្នាំផងដែរ។

សូមជម្រាបថា Everton នឹងចាប់ផ្ដើមយុទ្ធនាការលីគកំពូលអង់គ្លេសរបស់ពួកគេ ដោយធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Brighton & Hove Albion នៅថ្ងៃអាទិត្យទី១៧ ខែសីហាឆ្នាំ២០២៤ ខាងមុខ៕