(បរទេស)៖ សារព័ត៌មាន Nikkei បានរាយការណ៍មកថា ក្រុមហ៊ុន Toyota Motor គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) ថ្មីមួយនៅទីក្រុង Fukuoka ដែលមានទីតាំងនៅលើកោះ Kyushu ប្រទេសជប៉ុន។ រោងចក្រនេះ នឹងផ្គត់ផ្គង់អាគុយជាពិសេសសម្រាប់រថយន្តម៉ាក Lexus ដែលផលិតនៅរោងចក្រ Miyata ក្បែរនោះ ដែលជាផ្នែកមួយនៃក្រុមហ៊ុន Toyota Motor Kyushu។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពពី Nikkei ដដែលបានដកស្រង់ព័ត៌មានរបស់ Toyota នឹងបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តនេះ មានផែនការដាក់បង្ហាញរថយន្តអគ្គិសនី (EV) ជាសកលចាប់ពីឆ្នាំ២០២៦ តទៅដែលដំណើការដោយថាមពលអាគុយទំនើប និងត្រូវបានបង្កើតឡើងដោយរោងចក្រផលិតអាគុយរថយន្តអគ្គីសនី (BEV) របស់ខ្លួនផ្ទាល់។ Toyota មានគោលបំណងលក់រថយន្តអគ្គិសនី (BEVs) ចំនួន ៣.៥ លានគ្រឿងនៅឆ្នាំ ២០៣០ ដោយតិចជាងពាក់កណ្តាល់នៃចំនួនរថយន្តនេះ នឹងត្រូវបានផលិតដោយរោងចក្រ BEV Factory របស់​ Totoya។ ខណៈដែលចំនួនជាងពាក់កណ្តាលទៀតទំនងជាទទួលការផ្គត់ផ្គង់ពីខាងក្រៅ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតតំបន់ Kyushu ជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការផលិតអាគុយរបស់ Toyota និងជាមូលដ្ឋាននាំចេញសម្រាប់ទីផ្សារអាស៊ី។

គួរជម្រាបដែរថា ចំនួនទឹកប្រាក់វិនិយោគ និងកាលបរិច្ឆេទចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីនេះ Toyota នៅមិនទាន់បញ្ចប់នៅឡើយនោះទេ នេះបើតាមការបញ្ជាក់ពី Nikkei៕