(បរទេស)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសតួកគីនឹងចាប់ផ្តើមផ្តល់កញ្ចប់ថិវិកាលើកទឹកចិត្តចំនួន ៥ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំរបស់ខ្លួនដល់​ ១លានគ្រឿង។ លោកបានគូសបញ្ជាក់ថា ទីក្រុងអង់ការ៉ានឹងផ្តល់កញ្ចប់លើកទឹកចិត្តផ្សេងទៀតសម្រាប់តំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប (high-tech areas) ដែលមានតម្លៃសរុប ៣០ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ថ្លែងនៅក្នុងពិធីណែនាំកម្មវិធីលើកទឹកចិត្តការអភិវឌ្ឍបច្ចេកវិទ្យានៅទីក្រុងអ៊ីស្តង់ប៊ុល (Istanbul) លោក Erdogan បានិយាយថា ប្រទេសតួកគីបានត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ក្នុងការវិនិយោគនៅក្នុងប្រទេសតួកគី ពោលគឺតាមរយៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិន BYD ដោយមានការយល់ព្រមសាងសង់រោងចក្រផលិតដែលតម្លៃ ១ពាន់លានដុល្លារនៅក្នុងប្រទេស។ លោកក៏បាននិយាយផងដែរថា ទីក្រុងអង់ការ៉ាចង់ក្លាយជាតួអង្គសំខាន់ក្នុងវិស័យនេះក្នុងរយៈពេលវែង។

យ៉ាងណាមិញជុំវិញការអនុវត្តផ្តល់កញ្ចប់លើកទឹកចិត្តនេះ លោក Erdogan បានបន្តថា រដ្ឋាភិបាលមានគម្រោងផ្តល់កញ្ចប់វិនិយោគចំនួន ៥ពាន់លានដុល្លារផ្សេងទៀត ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបពាក់កណ្តាលសម្រេច Semiconductor។ «ជាមួយនឹងការអំពាវនាវរបស់យើងសម្រាប់អាគុយរថយន្តអគ្គិសនី យើងមានគោលបំណងក្លាយជាមូលដ្ឋានផលិតកម្មក្នុងតំបន់ តាមរយៈការកសាងសមត្ថភាព ៨០ជីហ្គាវ៉ាត់ម៉ោង និងសម្រេចឱ្យបាននៅឆ្នាំ២០៣០» ដោយគម្រោងនេះ និងរួមបញ្ចូលកញ្ចប់ចំនួន ៤.៥ពាន់លានដុល្លារបន្ថែមទៀត។

គួរជម្រាបថា ក្រៅពីគម្រោងផលិតរថយន្តអគ្គិសនី ប្រទេសតួកគីនឹងផ្តល់ជំនួយឥតសំណងចំនួន ២.៥ពាន់លានដុល្លារសម្រាប់គ្រឿងបរិក្ខាសូឡាដែលមានសមត្ថភាពរហូតដល់ ១៥ជីហ្គាវ៉ាត់ និងទឹកប្រាក់ចំនួន ១.៧ពាន់លានដុល្លារផ្សេងទៀត សម្រាប់ផលិតគ្រឿងបន្លាស់សំខាន់ៗនៅក្នុងថាមពលខ្យល់។ ជាមួយនឹងការលើកទឹកចិត្តទាំងអស់នេះ លោក Erdogan បាននិយាយថា ប្រទេសទួរគីមានគោលបំណងទាក់ទាញការវិនិយោគផ្នែកឯកជនយ៉ាងហោចណាស់ ២០ពាន់លានដុល្លារ ដោយបន្ថែមថាទីក្រុងអង់ការ៉ានឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕