(ភ្នំពេញ)៖ កីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ជាមួយកំណត់ត្រារៀបចំពិធីបើកក្រៅសាលលើកដំបូង ពោលគឺបានរៀបចំដង្ហែក្បួនលើផ្ទៃទឹក នៃដងទន្លេសែន ដោយប្រតិភូ និងអត្តពលិកតំណាងប្រទេសនីមួយៗ សុទ្ធតែត្រូវជិះទូក ក្នុងនោះក៏មានវត្តមាននាយបេសកកម្មកម្ពុជាលោក ញ៉ាន សុខវិសាល និងកីឡាករ-កីឡាការិនីកម្ពុជាផងដែរ។

ដំណាលគ្នានឹងការបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះដែរ លោក ញ៉ាន សុខវិសាល បានបញ្ជាក់អំពីលក្ខណៈពិសេស ៣ចំណុច នៃមេដាយអូឡាំពិកឆ្នាំនេះ ដែលជាការផ្ដល់នូវគុណតម្លៃដ៏វិសេសវិសាល សម្រាប់អត្តពលិកទទួលបានជយលាភី ក្នុងនោះរួមមាន៖

១-មេដាយអូឡាំប៉ារីស ឆ្នាំ២០២៤ ផលិតឡើងដោយហាងផលិតគ្រឿងអលង្ការដ៏ល្បីរបស់បារាំង យីហោ Chaumet។

២-មេដាយទាំងនោះ បានផលិតឡើងដោយការផ្សំគ្នាជាមួយលោហៈធាតុដែក ដែលសល់ពីការសាងសង់ ប៉ម អេហ្វែល ថោវវើ (Eiffel Tower) ដែលជាគុណតម្លៃប្រកបដោយកិត្តិយសបំផុតសម្រាប់អត្តពលិកជយលាភី។

៣-ថាសសម្រាប់ដាក់មេដាយ ក៏ត្រូវបានរចនាយ៉ាងពិសេសផងដែរ ដោយប្រេន Louis Vuitton (LV) ជាយីហោដ៏ល្បីរបស់បារាំង។

គួរដឹងថា កីឡាអូឡាំពិក ប៉ារីស ឆ្នាំ២០២៤ មានអត្តពលិកប្រមាណ ១០,៥០០នាក់ មកពី ២០៦អូឡាំពិកចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ៣រូបផងដែរ គឺកីឡាអត្តពលកម្មម្នាក់ និងហែលទឹក ២នាក់។ រីឯការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ៕