(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Endrick បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ ជាមួយក្លិប Real Madrid ប៉ុន្មានថ្ងៃបន្ទាប់ពីបានប្រារព្ធខួបកំណើត ១៨ឆ្នាំរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន​ CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។

ក្លិបលេងនៅលីគ La Liga នេះ បានចុះកិច្ចសន្យា ជាមួយកីឡាករ Endrick មកពីក្លិបប្រេស៊ីល Palmeiras មានមូលដ្ឋាននៅទីក្រុង Sao Paulo ក្នុងឆ្នាំ២០២២ ជាមួយនឹងការនាំយកមកចូលរួមជាមួយ Real ក្នុងខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីឈានចូលវ័យ ១៨ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Endrick ដែលនឹងពាក់អាវលេខ១៦ នៅក្លិប Real នោះ បានចុះកិច្ចសន្យាលើតម្លៃបឋម ៣៥លានអឺរ៉ូ (៣៨លានដុល្លារ) ជាមួយនឹងការបន្ថែម ២៥លានអឺរ៉ូទៀត ក្នុងកម្មវិធីបន្ថែម ដែលអាចធ្វើទៅបាន។

​ជាធនធានចេញពីសាលារបស់ក្លិប Palmeiras កីឡាករ Endrick រកបាន ៣គ្រាប់ ក្នុងការបង្ហាញខ្លួន ១០លើក សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំមុន និងជាកីឡាករវ័យក្មេងជាងគេ ដែលរកគ្រាប់បាល់បាន ឱ្យក្រុមជម្រើសជាតិនៅឯកីឡដ្ឋាន Wembley។

ដោយឡែកលោករកបាន ២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៨២លើក ឱ្យក្លិប Palmeiras៕