(ម៉ាទ្រីដ)៖ Atletico Madrid បានសម្រេចកិច្ចព្រមព្រៀង ជាមួយក្លិប Real Sociedad ក្នុងការផ្ទេរយកខ្សែការពារកណ្តាលអេស្ប៉ាញ Robin Le Normand។ នេះបើតាមក្លិបទាំងពីរ ដែលលេងនៅលីគកំពូលអេស្ប៉ាញ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។

ទាំងក្លិប Atletico និង Sociedad មិនបានបង្ហាញព័ត៌មានលម្អិតពីហិរញ្ញវត្ថុនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃប្រមាណ ៣០លានអឺរ៉ូ (៣២.៥៧លានដុល្លារ) បូកនឹងប្រាក់បន្ថែម។

រយៈពេលនៃកិច្ចសន្យារបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ មិនត្រូវបានបង្ហាញនោះទេ។

ដោយបានចាប់ផ្តើមអាជីពរបស់លោក ជាមួយក្លិបបារាំង Brest ដែលលេងនៅលីគ Ligue 1 កីឡាករដើមកំណើតបារាំងរូបនេះ បានចូលរួមជាមួយក្លិប Sociedad ក្នុងឆ្នាំ២០១៦។ លោកបានបង្ហាញខ្លួន ២២១លើក សម្រាប់ក្រុមឈុតធំ Sociedad ដោយបានឈ្នះពានរង្វាន់ Copa del Rey ក្នុងរដូវកាលឆ្នាំ២០១៩-២០២០។

ចំពោះក្រុមជម្រើសជាតិវិញ Le Normand ទទួលការកោះហៅ ១៧លើក ដែលជាផ្នែកមួយនៃជ័យជម្នះ European Championship របស់ក្រុមជម្រើសជាតិអេស្ប៉ាញ៕