(ប៉ារីស)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ បានអញ្ជើញទៅកាន់ Poland Olympic House នាទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់គណៈកម្មាធិការអូឡាំពិកប៉ូឡូញ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ប្រភេទអូឡាំពិករួមគ្នា នាពេលអនាគត។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានលើកឡើងពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ប៉ូឡូញមានភាពស្អិតរមួតតាំងពីសម័យសម្តេចព្រះបរមរតនកោដ្ឋមកម្លេះ រហូតកម្ពុជាបានឧទ្ទេសនាមមហាវិថីមួយឈ្មោះ សាធារណរដ្ឋប៉ូឡូញ ទៀតផង។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានស្នើសុំឲ្យថ្នាក់ដឹកនាំប៉ូឡូញ ពិនិត្យលទ្ធភាពរួមគ្នាអភិវឌ្ឍន៍កីឡាអូឡាំពិកដូចគ្នា លើគម្រោងហ្វឹកហាត់កីឡាកម្រិតខ្ពស់ និងការបញ្ជូនគ្រូបង្វឹកជំនាញអន្តរជាតិផងដែរ។

ជាការឆ្លើយតបថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ បានសម្ដែងនូវការស្វាគមន៍លើគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នានេះ ព្រមទាំងបានអញ្ជើញ លោកបណ្ឌិត ថោង ខុន ធ្វើទស្សនកិច្ចនៅប្រទេសប៉ូឡូញ ដើម្បីបន្តពង្រឹងទំនាក់ទំនងអភិវឌ្ឍន៍កីឡារួមគ្នារវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកក៏បានអញ្ជើញប្រតិភូអូឡាំពិកកម្ពុជា ធ្វើដំណើរទស្សនាកិច្ចនៅ Poland Olympic House ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រតិភូប្រទេសទាំងពីរផងដែរ។

គួរដឹងថា ប៉ូឡូញ គឺជាប្រទេសដ៏មានសក្កានុពលលើប្រភេទកីឡាអូឡាំពិក ជាក់ស្ដែងប៉ូឡូញមានអត្តពលិកជាប់វគ្គជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិក រហូតដល់ ២១០នាក់ ដែលបាននឹងកំពុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅ នាទីក្រុងប៉ារីស ឆ្នាំ២០២៤ នេះ៕