(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន​ Toyota បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ថា ប្រាក់ចំណេញរយៈពេល ៣ខែរបស់ខ្លួន គិតចាប់ពីខែមេសា រហូតដល់ខែមិថុនា បានកើនឡើងប្រមាណ ១៧ភាគរយ ដែលសរុបជាទឹកប្រាក់មានចំនួន ៨.៧០ពាន់លានដុល្លារ (១.៣ ពាន់ពាន់លានយ៉េន) ។ ខណៈកំណើននេះ ត្រូវបាន Toyota សន្មតថាបានមកពីវិធានការកាត់បន្ថយចំណាយប្រកបដោយប្រសិទ្ធភាព រួមទាំងប្រាក់យ៉េនធ្លាក់ចុះជំរុញជាកត្តាអំណោយផលដែលជួយកាត់បន្ថយការធ្លាក់ចុះនៃចំនួននាំចេញ និងផលិតកម្មនៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

តួរលេខនេះ តំណាងឱ្យការកើនឡើងពី ៧,៣៣ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាបើធៀបនឹងឆ្នាំមុន។ លើសពីនេះ លទ្ធផលនេះគឺស្របនឹងការប៉ានប្រមាណជាមធ្យមចំនួន ៨.៧០ពាន់លានដុល្លារពីអ្នកវិភាគចំនួន ៥នាក់ដែលចងក្រងដោយ LSEG។

គួរជម្រាបដែរថា បើទោះបីជារបាយការណ៍ប្រាក់ចំណូលវិជ្ជមានរបស់ក្រុមហ៊ុន Toyota ដែលបង្ហាញពីការកើនឡើង ១៧ភាគរយនៃប្រាក់ចំណេញប្រតិបត្តិការក៏ដោយ ភាគហ៊ុនរបស់ក្រុមហ៊ុនបានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយធ្លាក់ចុះប្រមាណ ៧.៦ភាគរយភ្លាមៗបន្ទាប់ពីការប្រកាស៕