(ភ្នំពេញ)៖ បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» របស់ផលិតកម្ម Galaxy Navatra ដែលមានតារាចម្រៀងច្រៀងរួមគ្នាជាង១០០នាក់ និងយុវជនច្រៀងអមជាង៣,០០០នាក់ និងគ្រប់ក្រសួងស្ថាប័ន និងដែលបានថតកាលពីពេលថ្មីៗនោះ នៅល្ងាចថ្ងៃទី១ ខែសីហានេះ គឺបានចេញវីឌីអូ Teaser ហើយ តាមរយៈវីដេអូនេះពិតជាមានភាពទាក់ទាញជាខ្លាំង។

ជាមួយនឹង Teaser ផលិតកម្ម Galaxy Navatra ក៏បានប្រកាសថា MV ផ្លូវការរបស់បទចម្រៀងប្រវត្តិសាស្ត្រមួយបទនេះ នឹងចេញនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ ពោលគឺចំថ្ងៃបើកការដ្ឋានជីកព្រែកនេះតែម្ដង។

ដូចដែលមហាជនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានខិតខំផលិតបទចម្រៀង ប្រវត្តិសាស្ត្រ មួយបទយ៉ាងយកចិត្តទុកដាក់បំផុត នោះគឺ បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ជុំវិញការផលិតបទចម្រៀងមួយបទនេះ បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំ និងស្រទាប់មហាជនជាខ្លាំង។

MV មួយបទនេះត្រូវបានគេដឹងថា មានតារាចម្រៀងច្រៀងរួមគ្នាជាង១០០នាក់ និងយុវជនច្រៀងអមជាង៣,០០០នាក់ និងគ្រប់ក្រសួង ស្ថាប័ន អាជីវករ កសិករ កម្មករកម្មការិនី និងប្រជាជនទូទៅបានច្រៀងរួមបញ្ចូលបង្ហាញពីការសាមគ្គីគាំទ្រ និងរំភើបយ៉ាងក្រៃលែងនៅក្នុងព្រឹត្តិការណ៍បើកការដ្ឋានអច្ឆរិយៈនេះ។

បទចម្រៀងនេះផលិតឡើងជាកម្រងឯកសារ ប្រវត្តិសាស្ត្រ ស្របពេលជាមួយនឹងការបើកការដ្ឋានប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ។

បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»​ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកចុះដឹកនាំថត MV ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុត។ បទចម្រៀងមួយបទនេះ គឺជាឯកសារសំខាន់មួយ រក្សាទុកក្មេងជំនាន់ក្រោយបានឃើញទិដ្ឋភាពដ៏អស្ចារ្យនៃ ការដ្ឋានអច្ឆរិយៈ និងភាពរីកចម្រើនគ្រប់វិស័យ ដែលគ្រប់យ៉ាងទាំងអស់នេះទទួលបានគឺដោយសារ៖ ១-ដំណើរស្វែងរកសន្តិភាពរបស់សម្ដេចតេជោ និងឥស្សរជន គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម និងការសាមគ្គីជាតិដ៏មហិមា និង២-បង្ហាញពីសមត្ថភាពដ៏មានឥទ្ធិពលរបស់សម្ដេចធិបតីជាគ្រាប់ពេជ្រនៃយុវជនជំនាន់ក្រោយ គឺការការពារសន្តិភាព និងជំរុញការអភិវឌ្ឍគ្រប់វិស័យ។

ចង់ដឹងថា Full MV បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» អស្ចារ្យប៉ុណ្ណា សូមរងចាំទស្សនាទាំងអស់គ្នា ប៉ុន្តែបែបណាក្ដី សូមទស្សនាវីឌីអូ Teaser ជាមុនសិនទាំងអស់គ្នា៕

https://www.facebook.com/LengnavatraRealEstate/videos/856340865940282