(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានលើកឡើងថា ការផ្ដល់បទពិសោធន៍ល្អ និងភាពងាយស្រួលដល់អ្នកគាំទ្រ(FAN) គឺឈរលេខរៀងទី២ ក្នុងការទាក់ទាញទស្សនិកជនមកទស្សនាការប្រកួតផ្ទាល់ នៅតាមកីឡដ្ឋាន បន្ទាប់ពីការប្រកួតប្រជែងខ្ពស់។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបសមាជិកលីគកំពូលកម្ពុជាខាងលើ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយ STADIUMX ដែលជាសេវាកម្មសុសវែរ សម្រាប់ការគ្រប់គ្រងកីឡដ្ឋានជាមួយនឹងបច្ចេកវិទ្យា ទិញលក់សំបុត្រ ទំនិញ និងមុខងារជាច្រើនទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រក្នុងការចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក របស់ខ្លួន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

ម្ចាស់ក្លិបតែមួយគត់ ដែលបានចុះឈ្មោះជាកីឡាករលេងពានអាជីពគ្រប់កម្រិតនៅកម្ពុជារូបនេះ បានសម្ដែងការងឿងឆ្ងល់ កាលក្លិបខ្លួនលេងលីគ២ មានអ្នកគាំទ្រស្ទើរពេញកីឡដ្ឋាន តែពេលក្លិបឡើងលេងលីគកំពូល កាលពីឆ្នាំមុន បែរជាមានអ្នកគាំទ្រតិចជាងទៅវិញ ទោះបីក្លិបបានព្យាយាមរៀបចំកម្មវិធីជាច្រើនក៏ដោយ ។ ការណ៍នេះ បានធ្វើឲ្យក្លិបមើលឃើញពីចំណុចខ្វះខាត ពោលគឺការប្រកួតប្រជែងខ្ពស់តែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ ត្រូវមានការផ្ដល់ភាពងាយស្រួលដល់ FAN ថែមទៀត ដើម្បីទាក់ទាញអ្នកចូលរួមកាន់តែច្រើន។

លោក កាំង សេន បន្ដថា «ខ្ញុំសង្ឃឹមថា រដូវកាលនេះ ISI នឹងខំប្រឹងប្រកួតប្រជែងកាន់តែខ្ពស់ ទោះបីប៉ះក្រុមកម្រិតណាក៏ដោយ ព្រោះខ្ញុំគិតថា ការប្រកួតប្រជែងខ្ពស់ នៅតែលេខ១ ក្នុងការទាក់ទាញ FAN ។ រីឯលេខ២ គឺការផ្ដល់ការងាយស្រួលដល់ FAN ដោយពេលមកដល់កីឡដ្ឋានមួយ FAN មានភាពងាយស្រួល ដឹងថា ត្រូវទិញសំបុត្រកន្លែងណា ចតឡាន-ម៉ូតូកន្លែងណា ទិញម្ហូបអាហារកន្លែងណា មានន័យថា ចេញ-ចូលស្រួល នោះពួកគាត់នឹងចង់មកទស្សនា ទោះបីការប្រកួតនោះ មិនមែនជាការប្រកួតប្រជែងខ្លាំង ។ អ៊ីចឹងខ្ញុំគិតថា ក្រៅពីការប្រកួតប្រជែង ក្លិបក៏ត្រូវរៀបចំរចនាសម្ព័ន្ធ និងបទពិសោធន៍ទទួលអ្នកគាំទ្រឲ្យកាន់តែល្អដែរ»

ពាក់ព័ន្ធនឹងការផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រនេះហើយ ទើបលោកសម្រេចសហការជាមួយប្រព័ន្ធបច្ចេកទេសវិទ្យា STADIUMX ដើម្បីភ្ជាប់ក្លិប ជាមួយអ្នកគាំទ្រ តាមរយៈការផ្ដល់នូវបទពិសោធន៍ល្អៗ និងផលចំណេញជាច្រើនដល់ក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់ជាតិ ពិសេសអ្នកគាំទ្រ ទោះបីនៅទីណា ក៏អាចបញ្ជាទិញសំបុត្រឌីជីថលបានយ៉ាងងាយស្រួល ។ លើសពីនេះ លោកក៏សង្ឃឹមថា ក្លិបផ្សេងៗ នឹងចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះ ដែលបង្កើតឡើងជាពិសេសសម្រាប់ក្លិបបាល់ទាត់ ដើម្បីទាក់ទាញការគាំទ្រកាន់តែច្រើន ឆ្ពោះទៅរកប្រភពចំណូលមួយផ្នែក សម្រាប់ជំរុញការអភិវឌ្ឍក្លិប និងការប្រកួតប្រជែងកាន់តែខ្ពស់បន្ថែមទៀត ៕