(មីឡាន)៖ ក្លិបបាល់ទាត់អាជីព AC Milan បានលើកឡើងថា ពួកគេបានក្លាយជាក្លិបដំបូងគេ នៅទ្វីបអឺរ៉ុប ដែលធានាការបន្តកិច្ចសន្យាថ្មី សម្រាប់កីឡាការិនីដែលមានផ្ទៃពោះ នៅឆ្នាំចុងក្រោយ នៃកិច្ចព្រមព្រៀងរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

កីឡាការិនីនៅក្លិបអ៊ីតាលីនេះ នឹងទទួលបានជំនួយ និងការថែទាំកុមារ រួមទាំងការចំណាយលើកូន និងដៃគូរបស់ពួកគេផងដែរ។

ការប្រកាសរបស់ Milan នេះបានធ្វើឡើង ចំពេលមានការជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់កីឡាការិនីនៅទូទាំងសកលលោក ខណៈ FIFA បានចាប់ផ្តើមស្តង់ដាថ្មីមួយ ដើម្បីការពារកីឡាការិនីបាល់ទាត់ ដែលមានផ្ទៃពោះ កាលពីខែឧសភា។

​​AC Milan បានលើកឡើងថា កីឡាការិនីទាំងឡាយនឹងត្រូវបានផ្តល់ការបន្តកិច្ចសន្យាថ្មីរយៈពេល ១ឆ្នាំ លើលក្ខខណ្ឌសេដ្ឋកិច្ចដូចគ្នាទៅនឹងកិច្ចព្រមព្រៀង ដែលពួកគេមានស្រាប់។

សូមជម្រាបថា លីគបាល់ទាត់អ៊ីតាលី Serie A ផ្នែកស្ត្រី បានក្លាយជាលីគអាជីពក្នុងរដូវកាលឆ្នាំ២០២២-២០២៣ ហើយនឹងពង្រីកពី ១០ក្លិបទៅ ១៣ក្លិប ដែលត្រូវចូលរួមប្រកួតក្នុងយុទ្ធនាការថ្មីឆ្នាំ២០២៥-២០២៦ ខាងមុខ៕